ដោយៈ ជេស៊ីកា
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកំពុងពិចារណាលើការពង្រីកវិសាលភាពប័ណ្ណព្រំដែន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ដោយសាកល្បងធ្វើនៅខេត្តសៀមរាប ជាមុនសិន និងចាប់ផ្តើមពីឆ្នាំ២០២៤។
ឆ្លើយតបសំណើរពីវិស័យឯកជន
ផែនការនេះបានធ្វើឡើង តាមសំណើរបស់ផ្នែកឯកជនវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកំពុងពិចារណា លើការពង្រីកវិសាលភាពបណ្ណព្រំដែន (Border Pass) ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ ដែលរស់នៅតាមខេត្ត ជាប់ព្រំដែនជាមួយប្រទេសកម្ពុជាបន្ថែមទៀត ដោយអាចសាកល្បងធ្វើ នៅគោលដៅទេសចរណ៍ ខេត្តសៀមរាប ជាមុនសិនចាប់ពីឆ្នាំ២០២៤ មុនអនុវត្តន៍នៅតាមគោលដៅផ្សេងទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់បែបនេះ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
សម្ដេចធិបតីបានបញ្ជាក់ថា វិស័យឯកជនបានលើកសំណើ និងសំណូមពរឱ្យពង្រីកវិសាលភាពបណ្ណព្រំដែន ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរដែលរស់នៅតាមខេត្ត ជាប់ព្រំដែនជាមួយប្រទេសកម្ពុជា មានលទ្ធភាពធ្វើដំណើរ មកលេងដល់ខេត្តសៀមរាបតែម្ដង ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន (Passport)។ សម្ដេចធិបតីបានបញ្ជាក់ថា “ពាក់ព័ន្ធនឹងសំណើពង្រីកវិសាលភាពបណ្ណព្រំដែននេះ រាជរដ្ឋាភិបាលទទួលយកសំណើនេះ ដើម្បីពិភាក្សា”។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រេដ្ឋា ថាក់វីស៊ីន (Srettha Thavisin) ហើយក៏មានគោលការណ៍ឯកភាពថា នឹងពិនិត្យមើលលទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋដែលមកពីខាងថៃ អាចចូលមកដល់ខេត្តសៀមរាប ដោយមិនចាំបាច់កាន់លិខិតឆ្លងដែន។
សាកល្បងនៅខេត្តសៀមរាបមុនគេ
សម្ដេចធិបតីបានផ្ដល់គោលការណ៍ថា “ការពង្រីកវិសាលភាពបណ្ណព្រំដែននេះ អាចសាកល្បងធ្វើនៅខេត្តសៀមរាប ចាប់ពីឆ្នាំ២០២៤” ដើម្បីពិនិត្យមើលលទ្ធភាពបន្តទៀតថា តើអាចធ្វើនៅគោលដៅទេសចរណ៍ដទៃទៀតបានដែរឬទេ? ដោយហេតុថា ក្រៅពីសៀមរាប-អង្គរ កម្ពុជាក៏មានគោលដៅទេសចរណ៍ច្រើនទៀត ដូចជានៅតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំជាដើម។
ការសាកល្បងស្ទាបស្ទង់នេះដែរ ក៏ព្រោះមិនមែនមានតែរឿងទេសចរណ៍ គឺមានទាំងផ្នែកសន្តិសុខ និងបញ្ហាផ្សេងៗទៀត ដែលចាំបាច់ត្រូវពិនិត្យមើលឱ្យបានច្បាស់។
សម្ដេចធិបតីបានបន្តទៀតថា ការពង្រីកវិសាលភាពបណ្ណព្រំដែននេះ គឺមានការកែសម្រួល លើកិច្ចព្រមព្រៀងឆ្លងដែនឡើងវិញ ហើយសម្ដេចធិបតី បានស្នើឱ្យក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរួមគ្នា ជំរុញកិច្ចការនេះឱ្យបានឆាប់។
ភាគីកម្ពុជាមានការឯកភាពគ្នាតែជាមួយភាគីថៃ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា -ថៃអាចធ្វើដំណើរឆ្លងកាត់ដោយមិនចាំបាច់មានលិខិតឆ្លងដែន ក្នុងនោះខាងប្រទេសកម្ពុជាមានខេត្តកោះកុង ពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រីឯខាងប្រទេសថៃមានខេត្តត្រាត ខេត្តចន្ទបុរី ខេត្តស្រះកែវ ខេត្តបុរីរម្យ ខេត្តសុរិន្ទ្រ ខេត្តសិរីសាកេត ឬស៊ីសាកេត និងខេត្តឧត្បលរាជធានី ឬអ៊ូបុនរ៉ាត់ឆាថានី។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តជំរុញការអនុវត្ត កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច – Authorize economic operators (ACO) និងកែលម្អប្រព្រឹត្តកម្ម លើកទឹកចិត្តសម្រាប់ធុរកិច្ចល្អបំផុត (Best Trader)។
រដ្ឋាភិបាលចង់ដើរតួនាទីជាអ្នកគាំទ្រវិស័យឯកជន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា “ការធ្វើបែបនេះ ជាការធានាដល់ទំនុកចិត្តរវាងរដ្ឋ និងឯកជន ដែល រដ្ឋអត់ចង់ដើរតួនាទីជាប៉ូលិសទេ រដ្ឋចង់ដើរតួនាទីជាអ្នកគាំទ្រវិស័យឯកជន”។
សម្តចបានបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន៤៩ បានក្លាយជាBest Traders ហើយមានក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនមីនីបៀ និងក្រុមហ៊ុន Huawei កំពុងស្នើសុំដាក់ឱ្យទៅជាACO ហើយសង្ឃឹមថា មានក្រុមហ៊ុនច្រើនទៀត នឹងចូលជា AEO និង BT។ សម្តេចបានបន្ថែមថា “ការចូលជាក្រុមហ៊ុនបែបនេះ ជាការធានាទំនុកចិត្តរវាងវិស័យឯកជន និងរដ្ឋ ហើយបើភាគីទាំងពីរមានទំនុកចិត្តបែបនេះ នឹងងាយស្រួលក្នុងការអនុវត្ត”។
មិនអាចបញ្ចុះតម្លៃ ពន្ធនាំចូលរថយន្តដឹកទំនិញ និងលើកលែងកម្រៃទិដ្ឋាការភ្ញៀវទេសចរ
សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនទាន់អាចមានលទ្ធភាព បញ្ចុះតម្លៃពន្ធនាំចូលរថយន្តដឹកទំនិញ និងការលើកលែងកម្រៃទិដ្ឋាការ សម្រាប់ការចូលមករបស់ភ្ញៀវទេសចរបរទេសនោះទេ ដោយសារតែជាប្រភពចំណូល ដ៏សំខាន់សម្រាប់ថវិកាជាតិ។
សម្តេចបានថ្លែងទៀតថា ចំពោះការស្នើឱ្យពិនិត្យពិចារណាលើប្រព័ន្ធទិដ្ឋាការ ដែលមានភាពបត់បែន និងទាក់ទាញសម្រាប់ទីផ្សារអាទិភាព។ សំណូមពរនេះ មិនមែនជាដំណោះស្រាយ ដែលឆ្លើយតបចំបញ្ហានោះទេ ព្រោះថាកម្ពុជាបាន និងកំពុងផ្តល់នូវកិច្ចសម្រួលច្រើនរួចទៅហើយ តាមរយៈការផ្តល់ទិដ្ឋាការពេលមកដល់ និងការផ្តល់ទិដ្ឋាការអេឡិចត្រូនិក ហើយបញ្ហាថ្លៃមិនមែនជារបាំងរារាំងភ្ញៀវទេសចរមកកម្ពុជានោះឡើយ។
សម្តេចបានបញ្ជាក់ថា “សម្រាប់ប្រទេសកម្ពុជា ចំណូលពីទិដ្ឋាការគឺជាប្រភពចំណូលចម្បងមួយ នៃចំណូលមិនមែនសារពើពន្ធ ក្នុងន័យនេះ ការដាក់ស្នើសុំដាក់ចេញ នូវគោលនយោបាយលើកលែងទិដ្ឋាការកម្រៃទិដ្ឋាការ គឺហាក់មិនទាន់ដល់ពេលវេលាសមស្រប សម្រាប់បរិបទកម្ពុជានោះទេ”។
សម្តេចពន្យល់ថា កម្ពុជាមិនទាន់មានប្រភពចំណូលផ្សេង មកប៉ះប៉ូវទំហំចំណូល ដែលខាតបង់ជាយថាហេតុ ពីគោលនយោបាយនេះ កិច្ចការដែលយើងត្រូវធ្វើនៅពេលនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងកែលម្អ និងនីតិវិធីសម្រួល និងធ្វើឱ្យប្រសើរឡើង នូវសេវាសាធារណៈនេះ ដើម្បីឱ្យទេសចរមកកម្ពុជា មានភាពកក់ក្តៅ និងរីករាយទាំងពេលមុនមកដល់ ពេលមកដល់ ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ៕