ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាម ECA International ដែលជាស្ថាប័នផ្តល់ចំណេះដឹងខាងព័ត៌មាន និងបច្ចេកវិទ្យាឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានចេញផ្សាយរបាយការណ៍មួយ ស្ដីពីការព្យាករណ៍អត្រាដំឡើងប្រាក់បៀវត្សរ៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជូនកម្មករ-និយោជិតក្នុងឆ្នាំ២០២៤ខាងមុខ។
ក្នុងនោះកម្ពុជា ប្រាក់បៀវត្សរ៍ពិតប្រាកដ បានកើនឡើង៣,២% ក្នុងឆ្នាំ២០២៣នេះ ហើយវាត្រូវបានគេរំពឹងថា នឹងកើនឡើង២,២% នៅក្នុងលក្ខខណ្ឌជាក់ស្តែង ក្នុងឆ្នាំ២០២៤ខាងមុខ។
ចំណែកបណ្តាប្រទេសជិតខាងរបស់កម្ពុជា ដូចជា នៅប្រទេសថៃ ប្រាក់បៀវត្សរ៍ពិតប្រាកដបានកើនឡើង៣,៥% ក្នុងឆ្នាំនេះនៅក្នុងលក្ខខណ្ឌជាក់ស្តែង ហើយវាត្រូវបានគេរំពឹងថា នឹងកើនឡើង៣,៤% នៅក្នុងលក្ខខណ្ឌជាក់ស្តែង ក្នុងឆ្នាំ២០២៤។
ចំណែក ប្រទេសវៀតណាមបាននាំមុខគេ ក្នុងតំបន់អាស៊ាននៅឆ្នាំ២០២៣នេះ ជាមួយនឹងកំណើនប្រាក់បៀវត្សរ៍ពិតប្រាកដ៣,៦% ហើយវាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង៣,៦%ដូចគ្នានៅឆ្នាំ២០២៤។
ផ្ទុយទៅវិញ កម្មករ-និយោជិតនៅប្រទេសឡាវ បានជួបប្រទះនូវការថយចុះយ៉ាងខ្លាំង នៃប្រាក់បៀវត្សរ៍ពិតប្រាកដ ក្នុងឆ្នាំ២០២៣នេះ ដោយបានធ្លាក់ចុះ២៣,១% ហើយវានឹងបន្តធ្លាក់ចុះ ក្នុងឆ្នាំ២០២៤ខាងមុខ ដែលបណ្តាលមកពីអត្រាអតិផរណាហក់ឡើងខ្ពស់។
នៅប្រទេសម៉ាឡេស៊ី ប្រាក់បៀវត្សរ៍ពិតប្រាកដបានកើនឡើង២,១% ក្នុងឆ្នាំនេះ នៅក្នុងលក្ខខណ្ឌជាក់ស្តែង ហើយវាត្រូវបានគេរំពឹងថា នឹងកើនឡើង២,៣% នៅក្នុងលក្ខខណ្ឌជាក់ស្តែង ក្នុងឆ្នាំ២០២៤ខាងមុខ។
ចំណែក នៅប្រទេសឥណ្ឌូនេស៊ី កម្មករ-និយោជិតត្រូវបានគេរំពឹងថា នឹងទទួលបានការដំឡើងប្រាក់ខែ ពិតប្រាកដ៤,៣% នៅឆ្នាំក្រោយ បើធៀបនឹង២,៩%ក្នុងឆ្នាំ២០២៣នេះ៕