ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងហាណូយបានបើកដំណើរការគម្រោងសាងសង់ “ទីក្រុងឆ្លាតវៃ” ថ្មីតម្លៃ៤,២ពាន់លានដុល្លារអាមេរិក ដែលលាតសន្ធឹងលើផ្ទៃដីទំហំ២៧០ហិកតា កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកាកន្លងទៅ។
ទីក្រុងឆ្លាតវៃនេះស្ថិតនៅក្នុងស្រុក Dong Anh ទីក្រុងហាណូយ ហើយគម្រោងតម្លៃជាង៤ពាន់លានដុល្លារមួយនេះកំពុងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន North Hanoi Smart City Development Investment (NHSC)។
ក្រុមហ៊ុននេះ គឺជា ការចងសម្ព័ន្ធភាពរវាង ក្រុមហ៊ុន BRG Corporation របស់ប្រទេសវៀតណាម និងក្រុមហ៊ុន Sumitomo Corporation របស់ ប្រទេសជប៉ុន។ ក្រុមហ៊ុន BRG និង Sumitomo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកដំបូងលើគម្រោងនេះក្នុងឆ្នាំ២០១៧។
គម្រោងនេះត្រូវបានគេរំពឹងថានឹងចំណាយពេល៩ឆ្នាំ ដើម្បីបញ្ចប់ជា៥ដំណាក់កាល។ ក្នុងនោះដំណាក់កាលចំនួន៤ដំបូង ដែលត្រូវបញ្ចប់ក្នុងរយៈពេល ៧ឆ្នាំដំបូងរួមមានការដាំដើមឈើនិងការសាងសង់ផ្ទះសាលារៀន ចំណតរថយន្ត និង រចនាសម្ព័ន្ធផ្សេងទៀត។
ចំណែក ដំណាក់កាលទី៥ចុងក្រោយដែលគ្រោងនឹងបញ្ចប់ពីឆ្នាំ២០៣០ដល់ឆ្នាំ២០៣២ រួមមាន ការសាងសង់សំណង់សំខាន់ៗមួយចំនួន ដូចជាផ្សារទំនើប និងមជ្ឈមណ្ឌលហិរញ្ញវត្ថុចំនួន១០៨ជាន់។
លោក Duong Duc Tuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានបង្ហាញក្តីសង្ឃឹមថា ទីក្រុងឆ្លាតវៃ (Smart City) នឹងជួយដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាក់ទងនឹងចរាចរណ៍ ថាមពល ការអប់រំ ឱសថ និងបរិស្ថាន។
ជាមួយគ្នានេះ ទីក្រុងហាណូយបានស្នើឱ្យក្រុមហ៊ុន North Hanoi Smart City Development Investment សហការជាមួយអង្គភាពពាក់ព័ន្ធនានា ដើម្បីបញ្ចប់ដំណើរការបោសសម្អាតដី ដែលបច្ចុប្បន្នសម្រេចបាន៩២% ក៏ដូចជាពន្លឿននីតិវិធីលើការប្រើប្រាស់ដី និងការអនុម័តសាងសង់៕