ដោយៈ តែម សុខុម
សេអ៊ូលៈ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ថា ខ្លួនមានផែនការទាក់ទាញ ភ្ញៀវទេសចរបរទេសឱ្យបាន២០លាននាក់នៅឆ្នាំក្រោយ ខណៈវប្បធម៌របស់ប្រទេសនេះកំពុងទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងឡើងទូទាំងពិភពលោក។
លោក Yoo In-chon រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានលើកឡើ ងក្នុងសន្និសីទសារព័ត៌មាន នៅកណ្ដាលក្រុងសេអ៊ូល ថា “ដើម្បីអបអរគំនិតផ្ដួចផ្ដើម Visit Korea Year (ឆ្នាំដែលត្រូវមកលេងកូរ៉េ) ក្រសួងវប្បធម៌គ្រោងប្រឹងប្រែងឱ្យអស់លទ្ឌភាព ដើម្បីស្វែងរក និងអភិវឌ្ឍមាតិកាខុសៗគ្នាស្ដីពី វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបាន២០លាននាក់នៅឆ្នាំក្រោយ”។
សន្និសីទសារព័ត៌មាននេះ គឺជាព្រឹត្តិការណ៍ផ្លូវការទាក់ទិននឹងវិស័យទេសចរណ៍ ដំបូងបង្អស់របស់ក្រសួង ដែលត្រូវបានរៀបចំឡើងដើម្បីអបអរគំនិតផ្ដួចផ្ដើម “2023-2024 Visit Korea Year” (២០២៣-២០២៤ ជាឆ្នាំដែលត្រូវមកលេងកូរ៉េ” ចាប់តាំងពីលោក Yoo In-chon ចូលកាន់តំណែងកាលពីខែមុន។
លោក Yoo In-chon បានគូបញ្ជាក់ថា ប្រទេសកូរ៉េ បានជួបប្រទះនូវឱនភាព ក្នុងឧស្សាហកម្មទេសចរណ៍ ខណៈភ្ញៀវទេសចរចេញក្រៅមានចំនួនច្រើន ជាងភ្ញៀវទេសចរបរទេស ដែលចូលមកលេងប្រទេសនេះ ចាប់តាំងពីការបើកព្រំដែនឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ក្នុងឆ្នាំនេះ។
យោងតាមទិន្នន័យរបស់អង្គការទេសចរណ៍កូរ៉េ (Korea Tourism Organization) បានបង្ហាញថា ពលរដ្ឋកូរ៉េជាង១៦,១លាននាក់ បានធ្វើដំណើរទេសចរណ៍ ទៅក្រៅប្រទេសគិតត្រឹមខែកញ្ញា ឆ្នាំនេះ ដែលខ្ពស់ជាងខ្លាំង បើធៀបនឹងចំនួនភ្ញៀវទេសចរបរទេស៧,៦៥លាននាក់ ដែលចូលមកលេងប្រទេសកូរ៉េ ក្នុងរយៈពេលដូចគ្នានេះ៕ Korea Times៕