ដោយៈ តែម សុខុម
បាងកកៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍ថៃ បានដាក់គោលដៅទាក់ទាញក្រុមហ៊ុនបរទេសធំៗ យ៉ាងតិចឱ្យបាន១០០ក្រុមហ៊ុន ឱ្យមកបោះទុនវិនិយោគនៅប្រទេសថៃ ដែលនឹងជួយបង្កើតការងាជាង១០.០០០កន្លែងនៅរយៈពេល៤ឆ្នាំក្រោយ។
លោក Narit Therdsteerasukdi អគ្គលេខាធិការនៃក្រុមប្រឹក្សាភិវឌ្ឍន៍ថៃ បានទម្លាយឱ្យដឹងពីគោលដៅ ប្រកបដោយមហិច្ឆតានេះអំឡុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ទៅកាន់ San Francisco សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ APEC CEO Summit ឆ្នាំ២០២៣។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយការពីថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា។
ដំណើរទស្សនកិច្ចនេះមានពីរផ្នែក ទី១ ជាជំនួបរវាងនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងក្រុមនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនគោលដៅ ក្នុងឧស្សាហកម្មអេឡិចត្រូនិច ឌីជីថល និងរថយន្តអគ្គិសនី (EV) ហើយផ្នែកទី២ ជាជំនួបជាមួយក្រុមសហគ្រិនថៃ ប្រមាណ២០រូប ដែលអមដំណើរជាមួយគណៈប្រតិភូ។






