ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានសម្តែងសុទិដ្ឋិនិយមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក និងដំណោះស្រាយរបស់រាជរដ្ឋាភិបាល នៅក្នុងវេទិការរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។
អ្នកឧកញ៉ាបានមានប្រសាសន៍បែបនេះ ក្នុងវេទិកាជជែកអំពីបរធនបាលកិច្ចកាលពីថ្ងៃទី១៤ វិច្ឆិកាកន្លងមក។អ្នកឧកញ៉ាបានបញ្ជាក់ថា បញ្ហាចំនួន៣ដែលធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ខ្លាំង និងងើបមិនទាន់រួច ដោយសារបញ្ហាការរាតត្បាត ជាសកលនៃជំងឺកូវីដ១៩ បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងថ្មីៗនេះ គឺការលេចចេញនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ទាក់ទងនឹងវិស័យបរធនបាលកិច្ច អ្នកឧកញ៉ា លី ហួរបានមានប្រសាសន៍ថា បរធនបាលកិច្ច គឺសំដៅដល់ការធានាជំនឿទុកចិត្តដល់វិនិយោគិនបរទេស ដើម្បីកុំឲ្យពួកគេមានការព្រួយបារម្ភ នៅពេលទិញអចលនទ្រព្យនៅកម្ពុជា ខណៈដែលជនបទេសអាចមានសិទ្ធិកាន់កាប់ អចលនទ្រព្យបានចាប់ពីជាន់ទី១ឡើង។
អ្នកឧកញ៉ាបានបន្តថា “ដូច្នេះបរធនបាលកិច្ច បានផ្តល់ភាពស្របច្បាប់ដល់ជនបទេស ក្នុងការកាន់កាប់អចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេលយូរអង្វែង ដែលនឹងរួមចំណែកជំរុញដល់វិស័យអចលនទ្រព្យកាន់តែមានលំនឹង និងជាបណ្តើរៗនឹងងើបឡើងវិញ”៕






