ដោយៈ តែម សុខុម
ឌូបៃៈ បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៃក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត កាលពីថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរធុនធំ ក្នុងតម្លៃជាង៥០ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុន Boeing។
ការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរធុនធំ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងដើម្បីយកប្រៀបក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើង ហើយរំពឹងទទួលបានកំណើននៅក្នុងការធ្វើដំណើរជាអន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា។
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលគ្រប់គ្រងដោយរដ្ឋ និងក្រុមហ៊ុនអាកាសចរណ៍ជាដៃគូ Fly Dubai បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរធុនធំចំនួន១២៥គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ក្នុងពិធីបើកពិព័រណ៍ផ្លូវអាកាសក្រុងឌូបៃ Dubai Airshow ប៉ុន្តែបានផ្អាកការបញ្ជាទិញយន្តហោះធុនធំ A350 ពីក្រុមហ៊ុនអឺរ៉ុប Airbus ជាបណ្ដោះអាសន្នសិន។






