ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលពីថ្ងៃទី១៣ ខែវិច្ឆិកា រថភ្លើងដឹកអ្នកដំណើរឆ្លងកាត់ព្រំដែន ដែលតភ្ជាប់ពីទីក្រុងវៀងច័ន្ទ របស់ប្រទេសឡាវ ទៅកាន់រដ្ឋធានីប៉េកាំង របស់ប្រទេសចិន ត្រូវបានបើកដាក់ឱ្យដំណើរការជាផ្លូវការហើយ។
យោងតាមគេហទំព័ររដ្ឋាភិបាល របស់ប្រទេសចិនបានបង្ហាញឱ្យដឹងថា ការធ្វើដំណើរទៅមករវាងទីក្រុងវៀងចន្ទន៍ និងទីក្រុងប៉េកាំង នឹងត្រូវចំណាយរយៈពេលរហូតដល់១៥ថ្ងៃ ដែលគ្របដណ្តប់ចម្ងាយធ្វើដំណើរប្រហែល៣.៦៦០គីឡូម៉ែត្រ។
ខ្សែរថភ្លើងនេះ នឹងត្រូវធ្វើដំណើរឆ្លងកាត់ តំបន់ទេសចរណ៍នានា ក្នុងប្រទេសចិន ដូចជា ទីក្រុង Xishuangbanna ក្នុងខេត្ត Yunnan និងទីក្រុងChibi ក្នុងខេត្តHubei ព្រមទាំងឆ្លងកាត់តំបន់ទេសចរណ៍នានា ក្នុងប្រទេសឡាវ ដូចជាទីក្រុង Luang Prabang និងទីក្រុង Vang Vieng ផងដែរ។រថភ្លើងវៀងច័ន្ទន៍ -ប៉េកាំង បានចេញដំណើរជាលើកដំបូងកាលពីថ្ងៃចន្ទដើមសប្តាហ៍ ពីស្ថានីយ៍រថភ្លើងFengtai ក្នុងប្រទេសចិន ហើយវានឹងធ្វើដំណើរបន្ត តាមរយៈបណ្តាញខ្សែរថភ្លើងប៉េកាំង-ក្វាងចូវ និងខ្សែរថភ្លើងសៀងហៃ-គុនមីង។
បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងគុនមីង រថភ្លើងវៀងច័ន្ទន៍-ប៉េកាំង នឹងឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២ ចូលទៅក្នុងបណ្តាញផ្លូវដែកឡាវ-ចិន(LCR) ដែលតភ្ជាប់ពីទីក្រុងគុនមីង ទៅកាន់រដ្ឋធានីវៀងច័ន្ទ។
ភាពជោគជ័យនេះ បានទាក់ទាញចំណាប់អារម្មណ៍ របស់អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ ដែលគ្រោងនឹងដាក់បញ្ចូលបណ្តាញផ្លូវដែកឡាវ-ចិន (LCR) ទៅក្នុងទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៤របស់ខ្លួន ខណៈគំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថា នឹងអាចបើកឱកាសថ្មីៗ សម្រាប់វិស័យទេសចរណ៍ឆ្លងព្រំដែន និងជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសជិតខាងទាំង២៕