ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែត Reuters បានរាយការណ៍ដោយដកស្រង់ពីសារព័ត៌មាន Bloomberg និងមនុស្សដែលដឹងពីបញ្ហា ឱ្យដឹងថា ប្រទេសចិនគ្រោងនឹងផ្តល់ហិរញ្ញប្បទានយ៉ាងហោចណាស់១៣៧,២២ពាន់លានដុល្លារ សម្រាប់ការជួសជុលភូមិក្នុងទីក្រុង និងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ។
ធនាគារប្រជាជនចិន (PBOC) គ្រោងនឹងចាក់បញ្ចូលមូលនិធិទាំងនេះជាដំណាក់កាលៗតាមរយៈបណ្តាធនាគារគោលនយោបាយនានា ដើម្បីជំរុញឱ្យបណ្តាគ្រួសារមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទិញផ្ទះ។
បើគិតពីផ្ទៃខាងក្នុងអគារ(floor area)ការលក់អចលនទ្រព្យក្នុងប្រទេសចិនបានធ្លាក់ចុះ៦,៨ភាគរយ ក្នុងរយៈពេល១០ខែដំបូងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ៧,៥ភាគរយ ក្នុងរយៈ ពេល៩ខែដំបូង ឆ្នាំនេះ ដែលបង្ហាញថាវិស័យអចលនទ្រព្យរបស់ប្រទេសចិនមិនទាន់ស្ទុះងើបឡើងវិញនៅឡើយទេ។






