ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គម្រោងសាងសង់ស្ពានព្រែកប្រាដែលកម្ពុជាបានចរចាជាមួយភាគីចិនរួចរាល់ គ្រោងនឹងបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ២០២៣នេះ។
«ស្ពានព្រែកប្រា ដែលបានចរចារួចហើយ គ្រោងប្រហែលជាអាចបុកគ្រឹះក្នុងឆ្នាំនេះ»។ នេះជាប្រសាសន៍របស់សម្ដេចធិបតី។ថ្លែងក្នុងពិធីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបកោះពេជ្រ- កោះនរា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ២០២៣សម្ដេនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កម្ពុជាគ្រោងសាងសង់ស្ពានចំនួនបីខ្សែបន្ថែមទៀត គឺខ្សែធំស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលតភា្ជប់ពីតំបន់ផ្សាររាត្រីទៅតំបន់អរិយក្សត្រ ស្ពានព្រែកប្រា និងស្ពានមេគង្គក្រោម(ចាក់អង្រែលើ)។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ក្រោយការសង់ស្ពានឆ្លងទន្លេទាំងនេះរួចរាល់ ស្ពានទាំងនោះនឹងជួយជំរុញសេដ្ឋកិច្ចទិសខាងកើត បន្ថែមពីលើផ្លូវជាតិលេខ៦អាបន្តទៀត។
សូមរំឭកថា កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេព្រែកប្រា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។