ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិគ្រោងធ្វើនៅដើមឆ្នាំ២០២៤ ដោយមានជាង៣០០ស្តង់ ជាមួយនឹងការរៀបចំកម្មវិធីទាក់ទាញជាច្រើន

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញនេះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ នៅនៅសាលប្រជុំអគារព្រីនស៍ (Prince Holding Group)។

បន្ទាប់ពីបានខកខាន ក្នុងការរៀបចំពិព័រណ៍អស់រយៈពេល៤ឆ្នាំ ដោយសារជំងឺកូវីដនាពេលកន្លងមក សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានសម្រេចរៀបចំពិព័រណ៍នេះសារជាថ្មី ដើម្បីបង្ហាញសក្តានុពល និងចូលរួមទាក់ទាញជនបរទេស មកពីបណ្ដាប្រទេសជាច្រើន ដែលនឹងអញ្ជើញមកចូលរួមការតាំងពិព័រ ណ៍នេះ ។ លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទីនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ យើងបានរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃអន្តរជាតិកម្ពុជា ដោយខិតខំកៀរគរគ្រប់ពាណិជ្ជករជាតិ និងអន្តរជាតិជាច្រើនក្រុមហ៊ុន មកចូលរួមដាក់បង្ហាញផលិតផលរបស់ខ្លួន។

លោកបណ្ឌិតបន្តថា “វេទិកានេះគឺជាវេទិកាដ៏ល្អប្រសើរមួយ សម្រាប់បង្ហាញពីសក្តានុពល ក្នុងវិស័យគ្រឿងអលង្ការ និងត្បូងរបស់កម្ពុជា  និងអាចឱ្យអតិថិជន ស្វែងយល់កាន់តែច្រើនពីការច្នៃរចនាគ្រឿងអលង្ការ នាពេលបច្ចុប្បន្ន និងមានឱកាសជួបជាមួយដៃគូបរទេ​សដើម្បីសហការគ្នាផងដែរ”។

លោកបញ្ជាក់ថា “វេទិកាសន្និសីទនេះបង្កើតឡើង ក្នុងគោលបំណងផ្តល់ពត៌មានលំអិតសំខាន់ៗ អំពីការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ ដល់បណ្តាអាជីវករ ម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការ និងត្បូងនានា  ពាណិជ្ជករ សហគ្រាស អ្នកវិនិយោគ និងបណ្តាក្រុមហ៊ុនដូចជា វិស័យធនាគារ វិស័យរថយន្ត វិស័យទូរស័ព្ទ វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត ”។លោកបណ្ឌិត ឆាយ ស៊ីណាត ក៏បានថ្លែងអំណរគុណចំពោះអាជីវករ ក្រុមហ៊ុនគ្រឿងអលង្ការ និងបណ្តាក្រុមហ៊ុន ដូចជា វិស័យធនាគារ វិស័យរថយន្ត ក្រុមហ៊ុនទូរស័ព្ទ វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗ ក៏ដូចភ្ញៀវជាតិ-អន្តរជាតិ ដែលបានចូលរួមទទួលពត៌មានលំអិតសំខាន់ៗ អំពីការតាំងពិព័រណ៍នេះ និងកម្មវិធីចុះអនុស្សរណៈយោគយល់ រវាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ.អេហ្វ.ខូអិលធីឌី។

ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ក្នុងឱកាសនៃការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ នឹងមានការរៀបចំកម្មវិធីសំខាន់ៗភ្ជាប់មកជាមួយជាច្រើន ដូចជា សិក្ខាសាលា ជំនួបពិភាក្សាលើការងារគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងសកម្មភាពសហប្រត្តិបត្តិការ រួមទាំងការជំរុញធុរកិច្ចផ្សេងៗទៀត។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ខាងលើ ក៏នឹងមានការរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់ រវាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ.អេហ្វ.ខូអិលធីឌី ក្នុងគោលបំណងពង្រីកវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដើម្បីតាមឱ្យទាន់សម័យឧស្សាហកម្មជំនាន់ទី៥។
លើសពីនេះ ក្រុមហ៊ុន និងសមាគមក៏មានចក្ខុវិស័យរួមគ្នា​ ក្នុងការអភិវឌ្ឍន៍វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។

លោកអះអាងថា “ពិព័រណ៍នេះគ្រោងនឹងរៀបចំឡើង ដើម្បីផ្សព្វ​ផ្សាយ យ៉ាងទូលំទូលាយដល់សាធារណៈជន ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិឱ្យបានស្វែងយល់ពីការឆ្ពោះទៅមុខ និងចក្ខុវិស័យយូរអង្វែងរបស់កម្ពុជា លើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ ជាពិសេសគឺ ការលើកកំពស់ស្នាដៃច្នៃប្រឌិត របស់អ្នកច្នៃម៉ូតគ្រឿងអលង្ការកម្ពុជា ការលើសកំពស់ស្នាដៃ ស្រាវជ្រាវលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃរបស់សិស្ស និស្សិត និងបញ្ញវ័ន្តខ្មែរតាមរយៈវិទ្យាសាស្ត្រកំព្យូទ័រ 3D ក្នងការរចនាម៉ូតគ្រឿងអលង្ការកម្ពុជា”។

លោកបានអះអាងទៀតថា “ព្រឹត្តិការណ៍នេះ ដែលជាចំណែកមួយនៃការជួយតម្រង់ទិសការអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជាឱ្យគិតគូរ និងយកចិត្តទុកដាក់លើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា សំដៅជំរុញឱ្យវិស័យនេះមានភាពរីកចម្រើនបន្ថែមទៀត ព្រមទាំងធ្វើឱ្យអន្តរជាតិទទួលស្គាល់តាមបែបវិទ្យាសាស្ត្រ ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៥ និងយុគសម័យសេដ្ឋកិច្ចឌីជីថល”។

លោកបណ្ឌិត ឆាយ ស៊ីណាត ក៏បានអំពាវនាវ ដល់អាជីវករ ម្ចា​ស់ក្រុមហ៊ុនគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ សហគ្រាស ពាណិជ្ជករ អាជីវករ និងបណ្ដាអ្នកវិនិយោគលើវិស័យធនាគារ វិស័យរថយន្ដ វិស័យទូរស័ព្ទ វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗ សូមចូលរួមការដាក់តាំងបង្ហាញ នូវផលិតផលរបស់ខ្លួន ក្នុងកម្មវិធីពិព័រណ៍នាពេលខាងមុខនេះ។ លោកបន្ថែមថា “យើងមានស្តង់ប្រមាណជាង៣០០ស្តង់ សម្រាប់ដៃគូពាណិជ្ជករ ដែលមានគោលបំណងចង់ដាក់តាំងបង្ហាញផលិតផលរបស់ពួកគេ ក្នុងពិព័រណ៍នាពេលខាងមុខនោះ ”។

ជាមួយគ្នានេះ លោក អ៊ួន ពេជ្រភីរម្យ នាយកប្រតិបត្តិ ក្រុមហ៊ុន ស៊ី. អាយ. ជី. ជេ. អេហ្វ. ខូអិលធីឌី បានមានប្រសាសន៍ថា យើងខ្ញុំបានរួមគ្នា បង្កើតព្រឹត្តការណ៍ធំៗចំនួន២បន្ថែម ក្នុងកម្មវិធីពិព័រណ៍នោះផងដែរ ដោយព្រឹត្តិការណ៍ទី១. កម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្ដរជាតិ និងទី២ កម្មវិធីដេញថ្លៃម្កុដ សម្រាប់នារីឯកគ្រឿងអលង្ការ និងត្បូងអន្ដរជាតិផងដែរ៕
ពត៌មានលំអិត : https://t.me/C_I_G_J_F_Official

LEAVE A REPLY

Please enter your comment!
Please enter your name here