ប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងបើកស្ថានទូតនៅរាជធានីភ្នំពេញ នៅឆ្នាំ២០២៤ខាងមុខនេះ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្នុងន័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រទេសអារ៉ាប៊ីអាអូឌីត គ្រោងបើកស្ថានទូតនៅកម្ពុជា នៅឆ្នាំ២០២៤ខាងមុខនេះ។

ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងដោយលោកឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបជាមួយលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសដែលលោកឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

លោកឃួន ផុនរតនៈ បានអបអរសាទរអារ៉ាប៊ីសាអូឌីត ដែលបានទទួលជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC SUMMIT) ដែលបានប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

លោកក៏បានរំលឹកឡើងវិញ នូវជំនួបទ្វេរភាគីប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ASEAN-GCC នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ។

ជាការឆ្លើយតប ឯកឧត្តម Mohammed Ismaeil A. Dahlwy បានបង្ហាញពីឆន្ទៈដ៏មុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង/ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា -អារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយផ្អែកលើសន្ទុះដ៏ល្អ កើតចេញពីកិច្ចប្រជុំទ្វេភាគី រវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ នាពេលថ្មីៗនេះ។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ប្រកបដោយអត្ថន័យលើទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ ពាក់ព័ន្ធនឹងភាពចាំបាច់ ដើម្បីបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី រវាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត និងគណៈកម្មការសេដ្ឋកិច្ចចម្រុះ រវាងព្រះរាជាណាចក្រទាំងពីរ ដែលជាវេទិកាសំខាន់មួយ សម្រាប់ស្វែងរកមធ្យោបាយថ្មីនៃសកម្ម​ភាពជាក់ស្តែង ដើម្បីជួយសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការពាណិ​ជ្ជកម្ម និងសេដ្ឋកិច្ច។

លោកឃួន ផុនរតនៈបានបន្តបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនក្នុងការផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់នានាសម្រាប់ដំណើរការ បើកស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងភ្នំពេញ ដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ។ភាគីទាំងពីរបានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ នាពេលបច្ចុប្បន្ន ទាំងនៅក្នុងតំបន់ និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here