ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងប្រាប់បណ្តាថ្នាក់ដឹកនាំធុរកិច្ចអាមេរិក នៅទីក្រុង San Francisco កាលពីថ្ងៃពុធថា ប្រទេសចិនមានឆន្ទៈធ្វើជាដៃគូ និងជាមិត្តរបស់សហរដ្ឋអាមេរិក ខណៈលោក ស៊ីព្យាយាមទាក់ទាញក្រុមហ៊ុនអាមេរិក ឱ្យបណ្តាក់ទុននៅប្រទេសចិន។
ថ្លែងនៅក្នុងពិធីពិសារអាហារពេលល្ងាច នៅខាងក្រៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លោក ស៊ី ជីនពីង បានលើកឡើងថា សំណួរជាមូលដ្ឋានគ្រឹះបំផុត ដែលកំណត់ទំនាក់ទំនងរវាងអាមេរិក និងចិនគឺថាតើប្រទេសទាំង២ជាគូប្រជែង ឬជាដៃគូ។
លោកស៊ី ជីនពីង បានថ្លែងប្រាប់ថ្នាក់ដឹកនាំធុរកិច្ចអាមេរិក ដែលរួមមានទាំងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook និងស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ថា “ប្រសិនបើយើងចាត់ទុកគ្នាទៅវិញទៅមក ជាគូប្រជែងដ៏ធំបំផុត នោះបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងការគំរាមកំហែង ដែលតែងតែកើតមានកន្លងមក វានឹងនាំទៅរកគោលនយោបាយខុស សកម្មភាពខុស និងលទ្ធផលខុសដោយជៀសមិនរួច”។
លោកស៊ី ជីនពីងបានធ្វើការកត់សម្គាល់បែបនេះ ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបពិភាក្សា ជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលមេដឹកនាំទាំង២ បានបោះជំហានជាវិជ្ជមាន ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេរភាគី មានភាពល្អប្រសើរឡើងវិញ។






