ដោយៈ គង់ សូរិយា
ព្រះសីហនុៈ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំនិងអភិវឌ្ឈន៍ ក្រុងព្រះសីហនុ ជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព។
ផែនការរៀបចំនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ប្រកបដោយភាពរស់រវើកឆ្លាត និងបរិយាបន្ន” តាមរយៈការអភិវឌ្ឍ៖ ទីក្រុងទំនើបបៃតង ប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោក សម្រាប់ការស្នាក់នៅ លម្ហែរកាយ និងការកម្សាន្ត មជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិ ដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចល្អ ប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិក្ខារទីក្រុង និងផ្តល់ការងារសម្បូរបែប។ នេះបើតាមការលើកឡើងរបស់។លោកម៉ាង ស៊ីណេតអភិបាលស្តីទីខេត្តព្រះសីហនុកាលពីដើមសប្តាហ៍នេះ។
លោក ម៉ាង ស៊ីណេតបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទ សហគ្រិនភាពកម្ពុជា២០២៣ ក្រោមប្រធានបទ“ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមានភាពធន់ និងប្រកបដោយបរិយាបន្ន”។
ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC វ៉ាយអ៊ីអេស៊ី)ដែលបានបង្កើតតាំងពីឆ្នាំ២០០៩មក និងបានខិតខំប្រឹងប្រែងពង្រីកសេវាកម្ម និងបណ្តាញរបស់ខ្លួន ដើម្បីអាចជួយដល់សហគ្រិន ក្នុងស្រុកកាន់តែច្រើនឡើង តាមរយៈការបើកសាខា នៅតាមបណ្តាខេត្តមួយចំនួន ក្នុងពេលកន្លងមក ហើយជាក់ស្តែង សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានពង្រីកសាខារបស់ខ្លួនមកដល់ខេត្តព្រះសីហនុ នៅកាលពីឆ្នាំ២០២២ និងបានដំណើរការកៀងគរសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល ដោយមានលោក ហុង ប៊ុនទី ជាប្រធានសាខាខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
លោកបន្តថា វត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅខេត្តព្រះសីហនុ ពិតជាបានចូលរួមចំណែកដ៏សំខាន់ ដល់ការរីកចំរើនសេដ្ឋកិច្ចក្នុងខេត្ត ដែលបានផ្តល់ឱកាស ដល់សហគ្រិនវ័យក្មេងខេត្តព្រះសីហនុយើង ទទួលបានឱកាសកសាងសមត្ថភាព ចូលរួមជាមួយបណ្តាញអាជីវកម្ម និងពង្រីងដៃគូរអាជីវកម្ម ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន តាមរយៈគម្រោង/កម្មវិធីនានារបស់សមាគម ក្នុងនោះ ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន លើកដល់សហគ្រាសធុនមីក្រូតូច និងមធ្យម ព្រមទាំងបានរៀបចំ និងបោះពុម្ពសៀវភៅមគ្គុទេសក៍ វិនិយោគខេត្តព្រះសីហនុ។
លោកអភិបាលខេត្តស្តីទី បានបន្តទៀតថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ហើយដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយរាជរដ្ឋាភិបាល(អាណត្តិទី៦)។
រដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សារៀបចំផែនការមេ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងគណៈកម្មាធិការចំនួន២ គឺ ទី១-គណៈកម្មាធិការ សម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទី២-គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដឹកនាំដោយលោកជា សុផារ៉ា (អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) រួមជាមួយនឹងការបង្កើតក្រុមការងារ បច្ចេកទេសមួយចំនួនទៀត សម្រាប់ដឹកនាំសម្របសម្រួល ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឱ្យស្របតាមគោលនយោបាយ អភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ -២០២៥៕