ដោយ: គង់ លាងហួរ
សៀមរាប: កម្ពុជាកំពុងសាង់សង់ អាកាសយានដ្ឋានចំនួន២ និងលើកកម្រិតស្តង់ដារអាកាសយានដ្ឋានចំនួន១ ព្រមទាំងគ្រោងសាងសង់អាកាសយានដ្ឋានចំនួន២បន្ថែមទៀត ដើម្បីប្រែក្លាយទៅជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា ទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយ និងក្លាយជាជន្ទល់ដ៏រឹងមាំ សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកម៉ៅ ហាវណ្ណាល់បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)កាលពីថ្ងៃទី១៦ វិច្ឆិកា ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើបច្ចុប្បន្នភាព លើគោលនយោបាយជាគន្លឹះឆ្នាំ២០២៣-២០២៨ ដែលជាធាតុចូលសម្រាប់អភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល ស្របនឹងគោលការណ៍ណែនាំ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ មានភាពឆ្លើយតបនឹងបន្ស៊ីគ្នា ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ក្នុងការជំរុញ និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកបានបន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការបន្តស្ដារលើកស្ទួយ និងអភិវឌ្ឍលើវិស័យផ្សេងៗ ជាពិសេសគឺវិស័យអាកាសចរណ៍ស៊ីវិល ដោយបច្ចុប្បន្ន កម្ពុជាបាននឹងកំពុងបន្តសាងសង់អាកាសយានដ្ឋានចំនួន២ លើកកម្រិតអាកាសយានដ្ឋានចំនួន១ និងគ្រោងសាងសង់អាកាសយានដ្ឋាន២បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអាកាសចរណ៍កាន់តែរីកចម្រើន និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល ស្របតាមបាវចនាទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។






