ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អគ្គនាយកនិយ័តករមូលបត្រ និងបញ្ចាំ លោកស៊ូ សុជាតិ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បីបង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត។
លោកបបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិព៌ណផ្សារហ៊ុនកាលពីថ្ងៃទី១៦ វិច្ឆិកា ថា “ដូច្នេះយើងគួរគប្បីរៀន និងចាប់ផ្តើមធ្វើការវិនិយោគចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែត្រូវប្រើប្រាស់ប្រាក់សន្សំ យកមកវិនិយោគ ចៀសវាងប្រើប្រាស់កញ្ចប់ថវិកា ប្រើប្រាស់ប្រចាំថ្ងៃ យកមកវិនិយោគ”។
ចំណែកលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចជូនអង្គពិធីថា ផ្សារមូលបត្រកម្ពុជា តែងផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្ម និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យមូលបត្រ។ ជាក់ស្តែង ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរសព្ទដៃ “CSX Trade” កាលពីខែឧសភា ឆ្នាំ២០២២ ដែលជាកម្មវិធីមួយផ្តល់ភាពងាយស្រួលទៅដល់វិនិយោគិន ក្នុងការជួញដូរមូលបត្រ ជាពិសេសផ្តល់ភាពងាយស្រួលក្នុងការតាមដាន និងទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងវិស័យមូលបត្រ បានទាន់ពេលវេលា និងគ្រប់ទីកន្លែង។







