ដោយ: គង់ លាងហួរ
ភ្នំពេញ: សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមពិធីបើកជាផ្លូវការពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ពិធីនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកបួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអភិបាលក្រុងឡុងប៊ិច តំណាងអភិបាលក្រុងឡូសអាន់ជែលឡេស (Los Angeles) មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មក្រុងឡុងប៊ិច សភាពាណិជ្ជកម្មក្រុងឡូសអាន់ជែលឡេស ព្រមទាំងធុរជនអាមេរិក និងកម្ពុជាសរុបជាង៥០០នាក់។ ថ្លែងក្នុងឱកាសនៃពិធីបើកជាផ្លូវការ ពិព័រណ៍ពាណិជ្ជកម្មនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា(CCC) បានគូសបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅទីក្រុងឡុងប៊ិច គឺជាព្រឹត្តិការណ៍ដំបូងបង្អស់ ដែលនឹងជួយផ្សព្វផ្សាយអំពីផលិតផល វប្បធម៌ និងសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា។
អ្នកឧកញ៉ាបានបន្តថា “ព្រឹត្តិការណ៍នេះ ផ្តល់ឱកាសដល់ធុរជនអាមេរិក បានស្វែងយល់ និងទទួលយកនូវបទពិសោធន៍ នៃគុណភាពផលិតផល សេវាកម្ម នវានុវត្តន៍ និងបដិសណ្ឋារកិច្ចរបស់សហគ្រិនកម្ពុជា”។អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា បានបង្កើតការិយាល័យសភាពាណិជ្ជកម្ម តំណាងនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក និងការិយាល័យតំណាងមួយទៀតនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា កាលពីពេលថ្មីៗនេះ។
អ្នកឧកញ៉ាបន្តថា “នៅសហរដ្ឋអាមេរិក យើងបានបង្កើតការិយាល័យតំណាងផង និងជំនួបពាណិជ្ជកម្មជាមួយកំពង់ផែឡុងប៊ិច ដែលកំពង់ផែនេះ ចង់បានការដឹកទំនិញ ដោយផ្ទាល់ពីកម្ពុជាមកកាន់ទីក្រុងឡុងប៊ិច ដែលជាទីក្រុងកំពង់ផែធំបំផុតទី២នៅអាមេរិក”។ អ្នកឧកញ៉ាបញ្ជាក់ថា នាពេលកន្លងមក ការដឹកជញ្ជូនទំនិញរបស់យើងភាគច្រើន ត្រូវឆ្លងកាត់តាមប្រទេសចិតខាង ដូច្នេះពុំមានឈ្មោះកម្ពុជានោះទេ ប៉ុន្តែយើងជឿជាក់ថា នៅពេលដែលកំពង់ផែទឹកជ្រៅរបស់យើងបើកដំណើរការរួចរាល់ នោះយើងនឹងអាចដឹកជញ្ជូនទំនិញជាច្រើនទៅកាន់ទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិកដោយផ្ទាល់ ដោយមិនចាំបាច់ ឆ្លងកាត់ប្រទេសផ្សេងៗតទៅទៀតឡើយ”។
លើសពីនេះ អ្នកឧកញ៉ា ក៏បានជំរុញឲ្យធុរជនអាមេរិក ភ្ជាប់ទំនាក់ទំនង ជាមួយធុរជនកម្ពុជា ដែលជាអ្នកផលិត និងអ្នកតាំងពិព័រណ៍ ហើយសង្ឃឹមថា ធុរជនទាំងពីរប្រទេសនឹងអាចស្វែងរកដៃគូសហការធ្វើធុរកិច្ចរួមគ្នា។
ជាមួយគ្នានេះ អ្នកឧកញ៉ាអះអាងថា យើងទទួលបានភាពជោគជ័យដ៏គាប់ប្រសើរ ក្នុងការរៀបចំការតាំងពិព័រណ៍លើកទី១របស់សភាពាណិជ្ជកម្មកម្ពុជា ដែលសហការជាមួយអគ្គកុងស៊ុល។ ក្នុងពិព័រណ៍នេះ មានការដាក់តាំងនូវផលិតផលរបស់ខ្មែរ ហើយខាងសហរដ្ឋអាមេរិក ក៏បានដាក់តាំងផលិតផល របស់ពួកគេផងដែរ ដែលមានជិត១០០ស្តង់។អ្នកឧកញ៉ាបានឱ្យដឹងទៀតថា ដូច្នេះការតាំងពិព័រណ៍នេះសម្រេចបានផ្លែផ្កាដោយជោគជ័យ ហើយក្រុមពាណិជ្ជករអាមេរិក ដែលបានទទួលទិញផលិតផលផ្សេងៗ ពីបណ្តាប្រទេសជិតខាងរបស់កម្ពុជា ដូចជាប្រទេសថៃ និងវៀតណាម បានសង្កេតឃើញថា វត្ថុធាតុដើមមួយចំនួនគឺជារបស់កម្ពុជា ដូច្នេះពាណិជ្ជករអាមេរិកចង់បានការតភ្ជាប់ការដឹកជញ្ជូន ទំនិញដោយផ្ទាល់ពីកម្ពុជា ដោយពុំចាំបាច់ឆ្លងកាត់អ្នកកណ្តាល ឬប្រទេសផ្សេងៗ។
អ្នកឧកញ៉ាបានបន្ថែមថា “ក្រុមពាណិជ្ជករ ដែលបានអញ្ជើញមកជួបយើង ក្នុងជំនួបពាណិជ្ជកម្មមួយកាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា គឺពួកគេបានទាក់ទង ជាមួយយើងដោយផ្ទាល់ ដើម្បីប្រមូលទិញទំនិញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកដោយផ្ទាល់ ដែលនេះជាភាពជោគជ័យនៃការតាំងពិព័រណ៍ខាងលើ ហើយផលិតផលខ្មែរជាច្រើនបានទទួលការចាប់អារម្មណ៍ ពីអ្នកចូលរួមទស្សនា ក៏ដូចជាពាណិជ្ជករជាដៃគូ ដើម្បីបន្តទាក់ទងគ្នា ក្នុងគោលបំណងតភ្ជាប់ការនាំចេញ និងនាំចូលរវាងសហរដ្ឋអាមេរិក និងកម្ពុជា”៕