ប្រទេសសិង្ហបុរីគ្រោងនាំចូលអគ្គិសនីចំនួន១ជីហ្គាវ៉ាត់ពីកម្ពុជា និង១,២ជីហ្គាវ៉ាត់ពីវៀតណាម

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសសិង្ហបុរីបានចេញលិខិត អនុញ្ញាតឱ្យក្រុមហ៊ុន ក្នុងស្រុកនាំចូល អគ្គិសនីចំនួន១,២ជីហ្គាវ៉ាត់ ពីប្រទេសវៀតណាម ដែលនេះជាផ្នែកមួយ នៃផែនការរបស់សិង្ហបុរី ក្នុងការនាំចូលអគ្គិសនីឱ្យបាន៤ជីហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០៣៥។ នេះបើយោងតាមសារពត៌មានវៀតណាម VNExpress ចុះផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។

អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី បានរាយការណ៍ថា ក្រុមហ៊ុនក្នុងស្រុក Sembcorp Utilities Pte Ltd របស់សិង្ហបុរី នឹងធ្វើការនាំចូលថាមពលអគ្គិសនី ដែលផលិតចេញពីរោងចក្រថាមពលខ្យល់នៅឆ្នេរសមុទ្រ និងប្រភពថាមពលស្អាតផ្សេងទៀត របស់ក្រុមហ៊ុនវៀតណាម Petrovietnam Technical Services Corporation។យោងតាមប្រភពខាងលើនេះបានឱ្យដឹងទៀតថា ថាមពលអគ្គិសនីទាំងនេះ នឹងត្រូវបញ្ជូនពីប្រទេសវៀតណាម ទៅកាន់សិង្ហបុរី តាមរយ:ខ្សែកាបក្រោមសមុទ្រថ្មីមួយ ដែលមានប្រវែងប្រហែល១.០០០គីឡូម៉ែត្រ។ជាមួយគ្នានេះ កាសែតសិង្ហបុរី The Straits Times បានរាយការណ៍ថា ការនាំចូលអគ្គិសនីពីប្រទេសវៀតណាម អាចបង្កើតបាន១០% នៃតម្រូវការសរុបរបស់សិង្ហបុរី។ តួយ៉ាង ប្រទេសវៀតណាម និងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការថាមពលកាលពីខែតុលាឆ្នាំ២០២២កន្លងទៅ។

នៅឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរី លោក Gan Kim Yong ក៏ធ្លាប់បានប្រកាសផងដែរអំពីផែនការនាំចូលអគ្គិសនី ដែលមានកាបូនទាបរហូតដល់៤ជីហ្គាវ៉ាត់នៅឆ្នាំ២០៣៥។

ផែនការរបស់ប្រទេសសិង្ហបុរី ក្នុងការនាំចូលអគ្គិសនីឱ្យបាន៤ ជីហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០៣៥ ក្នុងនោះ រួមមានការនាំចូលអគ្គិសនី២ជីហ្គាវ៉ាត់ ពីប្រទេសឥណ្ឌូនេស៊ី និង១ជីហ្គាវ៉ាត់ ពីប្រទេសកម្ពុជារបស់យើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here