ដោយ: គង់ លាងហួរ
ម៉ានីល: ប្រទេសជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា បានបង្ហាញឆន្ទៈ ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្លូវដែកហ្វីលីពីនចំនួន៣ ដែលមានតម្លៃជិត៥ពាន់លានដុល្លារអាមេរិក បន្ទាប់ពីទីក្រុងម៉ានីលបានប្រកាសឈប់ស្វែងរកមូលនិធិពីប្រទេសចិន។
លោក Jaime Bautista រដ្ឋមន្ត្រីដឹកជញ្ជូនហ្វីលីពីន បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនអាចទាញយកសក្តានុពលពីប្រទេសទាំង៣សម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) តាមដែលអាចធ្វើទៅបាន។លោកបានបន្តថា រដ្ឋាភិបាលក៏អាចផ្តល់មូលនិធិមួយផ្នែកដល់គម្រោងផ្លូវដែកទាំងនេះ ឬក៏ស្វែងរកការវិនិយោគ ពីវិស័យឯកជនផងដែរ។លោក Bautista បានបញ្ជាក់ប្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយមួយថា “យើងកំពុងរុករកមូលនិធិទាំងនេះ ប៉ុន្តែយើងមិនអាចផ្តល់ព័ត៌មានលម្អិតណាមួយនៅឡើយទេ”។
គម្រោងផ្លូវដែកទី១របស់ហ្វីលីពីន មានប្រវែង៣៨០គីឡូម៉ែត្រ តភ្ជាប់ពីខេត្ត Laguna ភាគខាងត្បូងនៃទីក្រុងម៉ានីល ទៅកាន់ខេត្ត Bicol ដែលស្ថិតនៅចុងភាគខាងត្បូងនៃកោះ Luzon ។






