លោកដូណាល់ ត្រាំ ប្ដេជ្ញាលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅអាស៊ីបើលោកជាប់ឆ្នោតជាថ្មី

0

ដោយៈ តែម សុខុម

វ៉ាស៊ីនតោន: លោកដូណាល់ ត្រាំ បានប្រកាសគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅថា លោកនឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្ម ថ្នាក់តំបន់ប៉ាស៊ីហ្វិកមួយ ដែលបន្តដោយលោកចូ បៃឌិន ប្រសិនបើលោកជាប់ឆ្នោតក្នុងឆ្នាំ២០២៤ និងវិលត្រលប់មកសេតវិមានវិញ។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅរដ្ឋ Iowa លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីឈានមុខគេ នៃគណបក្សសាធារណរដ្ឋបានប្រកាសថា លោកជំទាស់នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់នេះ ដែលរដ្ឋការលោក ចូ បៃឌិន កំពុងចរចាជាមួយប្រទេសចំនួន១៣ផ្សេងទៀត។

​លោកបានលើកឡើងថា “កិច្ចព្រមព្រៀងនេះ នឹងបំផ្លាញផលិត​កម្មរបស់សហរដ្ឋអាមេរិក ហើយនឹងបណ្ដាលឱ្យបាត់បង់ការងារយ៉ាងច្រើន”។

ការចរចាជុំវិញផ្នែកពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF)) ដែលមានគោលដៅផ្ដល់ជម្រើសដល់តំបន់ឱ្យងាកចេញ ពីឥទ្ធិពលពាណិជ្ជកម្ម ដែលរីកកាន់តែធំរបស់មហាយក្សចិន បានជួបឧបសគ្គរាំងស្ទះ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីប្រទេសមួយចំនួន រួមមាន វៀតណាម និងឥណ្ឌូនេស៊ី បានបដិសេធមិនប្ដេជ្ញាគោរពតាមស្តង់ដារការងារ និងបរិស្ថានដ៏តឹងរ៉ឹង។

លោក ដូណាល់ ត្រាំ ដែលបានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី “ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក” (TPP) ដែលត្រូវបានចុះហត្ថលេខា ជាមួយប្រទេសជាច្រើន ក្រោយពីលោកចូលកាន់តំណែងនៅខែមករា ឆ្នាំ២០១៧ បានប្រកាសថា លោកនឹងលុបចោលកិច្ចព្រមព្រៀងនេះ ដែលលោកហៅថា “TPP Two” ពេលលោកចូលកាន់តំណែងភ្លាមៗ។

រដ្ឋការលោក ចូ បៃឌិន សង្ឃឹមថា នឹងបង្ហើយជំពូកសំខាន់ៗនៃគំនិតផ្ដួចផ្ដើម “ក្របខណ្ឌពាណិជ្ជកម្មសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក” (IPEF) របស់ខ្លួនឱ្យទាន់កិច្ចប្រជុំ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ស៊ីហ្វិក (APEC)។
រដ្ឋការរបស់លោក ចូ បៃឌិន បានប្ដេជ្ញាបន្តចរចាជុំវិញកិច្ចព្រមព្រៀងប្រកបដោយមហិច្ឆតានេះ។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញពាណិជ្ជកម្ម និងធុរកិច្ចបានលើកឡើងថា សម្ពាធឆ្នាំបោះឆ្នោត និងការជំទាស់មិនព្រមធ្វើការប្ដេជ្ញាចិត្ត ដោយមោះមុតពីប្រទេសមួយចំនួន ប្រហែលជាធ្វើឱ្យកិច្ចព្រមព្រៀងមិនអាចសម្រេចទៅបានឡើយ៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here