ដោយ: គង់ លាងហួរ
ប៉េកាំងៈ ធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិន បានប្តេជ្ញាធានាការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់វិស័យអចលនទ្រព្យ និងធ្វើការរួមគ្នា ដើម្បីដោះស្រាយហានិភ័យបំណុលរបស់រដ្ឋបាលក្នុងតំបន់មូលដ្ឋាន។
ក្រុមថ្នាក់ដឹកនាំចិន កំពុងព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញ និងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ដែលអាចកើតមាន ពីការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ និងបំណុលរដ្ឋបាលក្នុងតំបន់ សរុបចំនួន៩២ពាន់ពាន់លានយ័ន (ប្រហែល១២,៧៧ពាន់ពាន់លានដុល្លារ)។
បន្ទាប់ពីចូលរួមកិច្ចប្រជុំ ដែលរៀបចំឡើងដោយធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុ ក្រុមនិយតករមូលបត្របានបញ្ជាក់ឱ្យដឹងកាលពីពេលថ្មីៗនេះថា បណ្តាស្ថាប័នហិរញ្ញវត្ថុ នឹងបំពេញតាមតម្រូវការហិរញ្ញប្បទាន ដែលសមហេតុផល របស់ក្រុមហ៊ុនអចលនទ្រព្យ ហើយបញ្ឈប់ការកាត់បន្ថយប្រាក់កម្ចីដល់ពួកគេ។
គណៈកម្មការនិយតកម្មមូលបត្រចិនបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ សម្រាប់វិស័យអចលនទ្រព្យ តាមរយៈឥណទានធនាគារ ប័ណ្ណបំណុល និងការបោះផ្សាយលក់ភាគហ៊ុនកំពុងទទួលបានការចាប់អារម្មណ៍។
លើសពីនេះ ប្រទេសចិននឹងជំរុញការពង្រីកឥណទាន ប្រកប ដោយស្ថិរភាព ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយស្ថាប័នហិរញ្ញវត្ថុ នឹងធ្វើការជាមួយរដ្ឋបាលក្នុងតំបន់ ដើម្បីដោះស្រាយហានិភ័យបំណុល តាមរយៈការពន្យារពេលទូទាត់ សងបំណុលជាដើម៕