ដោយៈ គង់ សូរិយា
ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានបន្ថែមជើងហោះហើរទៅមករវាងប្រទេសចិន និងកម្ពុជា។
កំណើននេះ កើតមានឡើងស្របពេលដែលប្រទេសកម្ពុជា ទើបតែដាក់ឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មី និងដាក់ចេញ “ផែនការពិសេស” ដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោកស៊ិន ចាន់សេរីវុត្ថា បានថ្លែងប្រាប់ថា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជាចាប់ពីខែធ្នូ ឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជាចំនួន៤ជើងក្នុងមួយសប្តាហ៍ ដោយផ្អែកលើមូលដ្ឋាននៃជើងហោះហើរដើមចំនួន២ជើងក្នុងមួយថ្ងៃ។ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានChina News Service ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់ចំនួន៤ មកកាន់ប្រទេសកម្ពុជារៀងរាល់សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែធ្នូ។ ចាប់ពីខែធ្នូតទៅ ជើងហោះហើរក្វាងចូវ-ភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ជើងហោះហើរ CZ៦០៥៩ និង CZ៣២៣ នឹងដំណើរការមួយថ្ងៃម្តង។
លោកបានបន្តថា ខណៈពេលដែលពិធីបុណ្យចូលឆ្នាំចិន និងការផ្លាស់ប្តូរ ទំនាក់ទំនងរវាងប្រជាជនចិន-កម្ពុជាឆ្នាំ ២០២៤ កំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានប្រកាសពីការបន្ថែមជើងហោះហើរ រវាងប្រទេសចិន និងកម្ពុជាចាប់ពីខែធ្នូ ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ជនជាតិចិន ភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគ ដែលទៅសួរសុខទុក្ខសាច់ញាតិ និងការធ្វើដំណើរកម្សាន្ត និងការធ្វើទស្សនកិច្ចអាជីវកម្មរវាងប្រទេសទាំងពីរ។លោក សេរីវុត្ថា ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមថ្មីនូវជើងហោះហើរក្វាងចូវ-ភ្នំពេញ CZ៨៣១៣ នឹងដំណើរការមួយថ្ងៃម្តង រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។នៅពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងមានជើងហោះហើរ ប្រចាំសប្តាហ៍ចំនួន៣៦ ជើងរវាងទីក្រុងក្វាងចូវ និងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរឡាញ នឹងបើកដំណើរការជើងហោះហើរ ទៅមកពីភ្នំពេញទៅជីណាន ខេត្តសានទុង នៅថ្ងៃទី ២៣ ខែធ្នូ។ ក្នុងចំណោមនោះ ជើងហោះហើរ ពីជីណានមកភ្នំពេញ នឹងធ្វើដំណើរ នៅម៉ោង៣រសៀល រៀងរាល់ថ្ងៃសៅរ៍ ហើយមកដល់ភ្នំពេញនៅម៉ោងជិត៧ល្ងាច ម៉ោងក្នុងស្រុក។នៅឆ្នាំ២០២៤ខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏មានគម្រោងបើកជើងហោះហើរថ្មីពីភ្នំពេញទៅ ហៃគូ ហៃណាន និងសាន់យ៉ា។
បច្ចុប្បន្ន ទីក្រុងរបស់ប្រទេសចិន ដែលមានជើងហោះហើរត្រង់មកទីក្រុងភ្នំពេញ ប្រទេសកម្ពុជា រួមមាន ទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ ណាននីង ឆេងទូ គុនមីង និងកន្លែងផ្សេងៗទៀត។ នៅពេលដែលជំងឺកូវីដ ១៩ បានធូរស្រាលបន្តិចម្តងៗ ភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគកាន់តែច្រើនឡើងៗ បានវិលត្រឡប់មកកម្ពុជាវិញ។
យោងតាមរបាយការណ៍ ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មី មាន អ្នកដំណើរទៅដល់ជាមធ្យម កើនពី២៦០០ នាក់ ទៅ ៣២០០ នាក់ ក្នុង១ ថ្ងៃ ដោយមានការហោះហើរជាមធ្យម៤៤ជើងក្នុងមួយថ្ងៃ (ទ្វេរទិស)។ ភាគច្រើនជើងហោះហើរមកពីតំបន់អាស៊ាន និងចិន ដោយក្នុងនោះមានភ្ញៀវចម្រុះជាតិសាសន៍ អាស៊ាន៧៥ភាគរយ និងអឺរ៉ុប ២៥ ភាគរយ៕