ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមសារពត៌មាន Xinhua បានចុះផ្សាយឱ្យដឹងកាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងយ៉ាងលឿនក្នុងត្រីមាសទី៣ បើធៀបនឹងត្រីមាសមុន បើទោះបីជាអត្រាការប្រាក់បានកើនឡើងខ្ពស់យ៉ាងណាក្តី។
យោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា តម្លៃដីធ្លីនៅទូទាំងប្រទេសបានកើនឡើង០,៣ភាគរយនៅក្នុងត្រីមាសទី៣ បន្ទាប់ពីកើនឡើង០,១១ភាគរយនៅក្នុងត្រីមាសទី២ និងបន្ទាប់ពីបានធ្លាក់ចុះ០,០៥ភាគរយនៅក្នុងត្រីមាសទីមួយ។
តម្លៃដីនៅក្នុងតំបន់ទីក្រុងសេអ៊ូលបានកើនឡើង០,៣៩ភាគរយនៅក្នុងត្រីមាសទី៣ ដែលខ្ពស់ជាងការកើនឡើង០,១៤ភាគរយនៅក្នុងត្រីមាសទី២។
តម្លៃដីនៅក្នុងតំបន់ផ្សេងទៀតបានកើនឡើង០,១៤ភាគរយនៅក្នុងត្រីមាសទី៣ បន្ទាប់ពីបានកើនឡើង០,០៦ភាគរយនៅក្នុងត្រីមាសទី២។
ទោះជាយ៉ាងនេះក្តី បរិមាណប្រតិបត្តិការដីធ្លីសរុប រួមទាំងដី ដែលភ្ជាប់ជាមួយនឹងអគារ បានធ្លាក់ចុះ៦,៨ភាគរយនៅក្នុងត្រីមាសទី៣ បើធៀបនឹងត្រីមាសទី២។





