ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារខ្ពស់កប់ពពក Azabudai Hills Mori JP Tower ដែលស្ថិតនៅចំកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុន និងបានបញ្ចប់ការសាងសង់រួចជាស្ថាពរកាលពីរដូវក្តៅ ឆ្នាំនេះ គ្រោងបើកសម្ពោធដាក់ឱ្យដំណើរការនៅចុងសប្តាហ៍នេះ។
អគារនេះមានកម្ពស់៣៣០ម៉ែត្រ និងមាន៦៤ជាន់ ដែលស្ថិតក្នុងគម្រោងខ្នាតយក្ស Azabudai Hills Complex ។ អគារនេះក៏ជាផ្នែកមួយនៃផែនការពង្រីក “ភូមិក្នុងទីក្រុងសម័យទំនើប” នៅចំកណ្តាលទីក្រុងតូក្យូផងដែរ។
អគារ Azabudai Hills Mori JP Tower ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Mori Building Co.។ អគារថ្មីនេះបានវ៉ាដាច់កំពស់របស់អគារ Abeno Harukas នៅទីក្រុង Osaka ដែលពេលនេះវាក្លាយជាអគារខ្ពស់បំផុតទី២ ប្រចាំប្រទេសជប៉ុន បន្ទាប់ពីអគារ Tokyo Tower ដែលមានកម្ពស់៣៣៣ម៉ែត្រ។អគារ Azabudai Hills គ្រោងនឹងបើកសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃសុក្រ សប្តាហ៍នេះ បន្ទាប់បានចំណាយរយៈពេលសាងសង់ចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ក្រោមទុនវិនិយោគប្រមាណ៥៨០ពាន់លានយ៉េន (ប្រហែល៤,៤ពាន់លានដុល្លារ)។
អគារនេះគឺជាអគារពហុគោលបំណង ដែលមានសណ្ឋាគារប្រណីត ការិយាល័យ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សកលវិទ្យាល័យ ហាងលក់រាយ ភោជនីយដ្ឋាន អាផាតមុិន សារមន្ទីរ វិចិត្រសាល និងសាលាអន្តរជាតិដ៏ធំបំផុតស្ថិតនៅចំកណ្តាលទីក្រុងតូក្យូ។
លើសពីនោះ អគារខ្ពស់កប់ពពកមួយនេះក៏មានកន្លែងធ្វើការរួមគ្នា និងអាហារដ្ឋាន ដែលត្រូវបានរចនាឡើងយ៉ាងពិសេសបំផុតសម្រាប់បុគ្គលិករបស់ក្រុមហ៊ុន ដែលជួលការិយាល័យក្នុងអគារនេះ ដើម្បីអាចជួបជុំគ្នាផងដែរ៕