ការលក់ផ្ទះនៅទីផ្សារសហរដ្ឋអាមេរិក ដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៣

0

តែម សុខុម

វ៉ាស៊ីនតោន: ការលក់ផ្ទះនៅទីផ្សារសហរដ្ឋអាមេរិក បានដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំមកនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា។

របាយការណ៍ប្រចាំខែពីសមាគមភ្នាក់ងារអចលនទ្រព្យជាតិ (NAR) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា បង្ហាញថា ការលក់ផ្ទះបានដាំក្បាលចុះខ្លាំងក្នុងខែតុលា ហើយតម្លៃផ្ទះបានបន្តហោះឡើង ខណៈអត្រាការប្រាក់កម្ចីទិញផ្ទះបានហក់ឡើងខ្លាំងកាលពីខែមុន ហើយការផ្គត់ផ្គង់ផ្ទះមានតិចតួចខ្លាំង។

ដោយសារការផ្គត់ផ្គង់លំនៅឋានមានតិចខ្លាំង អ្នកទិញបានប្រជែងគ្នាទិញផ្ទះដែលជំរុញឱ្យតម្លៃផ្ទះបន្តហល់ឡើង។

ការឡើងថ្លៃផ្ទះបូករួមជាមួយអត្រាការប្រាក់ជាមធ្យមសម្រាប់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំដែលបានហក់ឡើងជិតដល់៨%ក្នុងខែតុលា បានធ្វើឱ្យទីផ្សារលំនៅឋានឡើងថ្លៃខ្លាំងមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍។

សមាគមភ្នាក់ងារអចលនទ្រព្យជាតិ (NAR) បានរកឃើញថា តម្លៃជាមធ្យមសម្រាប់ផ្ទះដែលមានស្រាប់រួមមានផ្ទះសម្រាប់មួយគ្រួសាររស់នៅ ផ្ទះ Town House និងខុនដូផងដែរនោះបានហក់ឡើងដល់៣៩១.៨០០ដុល្លារ កាលពីខែមុន។

តម្លៃនេះគឺហក់ឡើង៣,៤%ពីមួយឆ្នាំមុន និងជាការឡើងថ្លៃ៤ខែជាប់ៗគ្នា។ វាជាតម្លៃមធ្យមខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ខែតុលា។ តម្លៃផ្ទះបានហក់ឡើងក្នុងតំបន់ទាំង៤នៃទឹកដីសហរដ្ឋអាមេរិក គឺតំបន់ភាគឥសាន តំបន់ភាគកណ្ដាល តំបន់ភាគខាងត្បូង និងតំបន់ខាងលិច ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here