ដោយ: គង់ លាងហួរ
អន្តរជាតិ: អាផាតមុិន ដែលមានតម្លៃសមរម្យបានគ្របដណ្តប់ជាងពាក់កណ្តាលនៃការផ្គត់ផ្គង់អាផាតមុិនសរុបនៅទីក្រុងហាណូយក្នុងឆ្នាំ២០១៥ ប៉ុន្តែនៅឆ្នាំ២០២៣នេះ ការផ្គត់ផ្គង់អាផាតមុិន ដែលមានតម្លៃសមរម្យមានចំណែកត្រឹមតែ៥% ប៉ុណ្ណោះ។
នៅក្នុងទីក្រុងហូជីមិញ គេមិនបានសង្កេតឃើញមានការផ្គត់ផ្គង់ថ្មីៗនៅក្នុងផ្នែកអាផាតមុិន ដែលមានតម្លៃសមរម្យនោះទេ បើគិតរហូតមកដល់ពេលនេះ។ ក្រសួងសំណង់វៀតណាមបានចាត់ថ្នាក់អាផាតមុិន ដែលមានតម្លៃចាប់ពី២៥ ទៅ៣៥លានដុង (ប្រហែល១.០៣០ ទៅ១.៤៤០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ ឬតិចជាងនេះ ថា ជាតម្លៃមួយដ៏សមរម្យ។
យោងតាមក្រសួងសំណង់បានឱ្យដឹងថា អាផាតមុិន ដែលមានទំហំចន្លោះពី៥០ទៅ៦០ម៉ែត្រការ៉េនៅទីក្រុងហាណូយមានតម្លៃជាមធ្យមចាប់ពី២,៥ ដល់៣ពាន់លានដុង ឬ៥១លានដុងក្នុងមួយម៉ែត្រការ៉េ។ ចំណែក នៅទីក្រុងហូជីមិញ អាផាតមុិន ដែលមានទំហំចន្លោះពី៥០ទៅ៦០ម៉ែត្រការ៉េ មានតម្លៃជាមធ្យមចាប់ពី៣ ទៅដល់៣,៦ពាន់លានដុង ឬ៦០លានដុងក្នុងមួយម៉ែត្រការ៉េ នៅត្រីមាសទី៣។
យោងទៅតាមក្រុមអ្នកជំនាញបានឱ្យដឹងថា មូលហេតុសំខាន់ៗ ដែលបណ្តាលឱ្យអាផាតមុិនតម្លៃសមរម្យនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បាត់បន្តិចម្តងៗចេញពីទីផ្សារ រួមមានដូចជា មូលនិធិដីធ្លីនៅមានកម្រិត កង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន តម្លៃដីហក់ឡើងខ្ពស់ កំណើនតម្លៃសំណង់ និងកម្លាំងពលកម្ម ហើយអ្នកអភិវឌ្ឍន៍អចលនទ្រព្យមិនចាប់អារម្មណ៍លើផ្នែកមួយនេះ។
ជាមួយគ្នានេះ ដង់ស៊ីតេប្រជាជននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៥ ដែលនាំឱ្យតម្រូវការលំនៅដ្ឋានកើនឡើងយ៉ាងគំហុក ជាពិសេសគឺតម្រូវការអាផាតមុិនដែលមានតម្លៃសមរម្យ ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតទាបនៅឡើយ៕