ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដើរតួនាទីជាវេទិកានៃការផ្តោះប្តូរ យោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ អនុវត្តន៍ និងទទួលខុសត្រូវរួមគ្នាលើជោគវាសនារបស់កម្ពុជា។
សម្តេចបានថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ របស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា។សម្ដេចធិបតីក៏ក៏ចង់ឃើញផងដែរថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានCDRI នាពេលបន្តបន្ទាប់ នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវ បង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូល ដល់រាជរដ្ឋាភិបាលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នានា ក៏ដូចជាវិធានការគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលកំពុងកើតមាន និងនាពេលបន្តបន្ទាប់ រួមទាំងបញ្ហាប្រឈមនៅពេល ដែលកម្ពុជា ឆ្លងផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍតិចតួចនាឆ្នាំ២០២៧ខាងមុខ ក៏ដូចជាការពង្រឹង និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ រយៈពេលវែងរបស់កម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាត់ទុកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ជាវេទិកាដ៏សំខាន់ ដែលផ្ដល់ឱកាសឲ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស“សា្ថប័នស្រាវជ្រាវ” បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា កិច្ចពិភាក្សាក្នុងវេទិកានេះ ផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និងភាពបត់បែនទៅតាមការផ្លាស់ប្តូរនៃបរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន។
សម្ដេចបញ្ជាក់ទៀតថា “សន្និសីទថ្ងៃនេះគឺជា សន្និសីទប្រចាំឆ្នាំលើកទី១៥ ហើយក៏ជាការចូលរួមលើកទី១របស់ខ្ញុំ ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃកម្ពុជា”។
សម្តេចបន្តថា ដូចគ្នានឹងរាជរដ្ឋាភិបាលអាណត្តិមុនៗដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្ដល់ឱកាសឲ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស សា្ថប័នស្រាវជ្រាវ បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និងភាពបត់បែនទៅ តាមការផ្លាស់ប្តូរនៃបរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន។
សម្ដេចធិបតីបន្ថែមទៀតថា ប្រាកដណាស់ថា ការគិតគូរទៅអនាគត ចាំបាច់ត្រូវឈរលើមូលដ្ឋានសមិទ្ធផល ដែលសម្រេចបានកន្លងមក ពោលគឺការគិតពីអនាគត កាន់តែឆ្ងាយទៅមុខ ចាំបាច់ត្រូវពិនិត្យមើលអតីតកាល ដែលឲ្យមានមូលដ្ឋានគ្រប់គ្រាន់៕