លោក Srettha: សេដ្ឋកិច្ចថៃ កំពុងធ្លាក់ចូលក្នុងវិបត្តិ ហើយត្រូវការកញ្ចប់ថវិកាយ៉ាងធំដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

0

តែម សុខុម

បាងកក: នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានប្រកាសគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ពេលនេះបានធ្លាក់ចូលក្នុងវិបត្តិហើយ។

លោកបានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចនេះ ប្រទេសថៃ ចាំបាច់ត្រូវអនុវត្តគោលនយោបាយចែកប្រាក់ដល់ពលរដ្ឋតាមរយៈកាបូបប្រាក់ឌីជីថលដែលមានទំហំសរុប១៤,២៣ពាន់លានដុល្លារអាមេរិក ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលលោកឱ្យបានឆាប់រហ័ស។

លោក Srettha បានថ្លែងក្នុងវេទិកាមួយថា សេដ្ឋកិច្ចថៃ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍កំពុងធ្លាក់ចូលក្នុងស្ថានភាពមិនល្អ ដោយទទួលបានចំនួនភ្ញៀវទេសចរបរទេសតិចជាងគោលដៅដែលបានកំណត់ ហើយលោកនឹងផ្ដោតអាទិភាពសំខាន់លើការទាក់ទាញការវិនិយោគរបស់បរទេស និងការដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋ។លោកបានសង្កត់ធ្ងន់ថា “ចាំបាច់ត្រូវមានកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចដ៏ធំមួយ”។ការអត្ថាធិប្បាយរបស់លោកធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទិន្នន័យរបស់ទីភ្នាក់ងារធ្វើផែនការរដ្ឋបង្ហាញថា សេដ្ឋកិច្ចថៃ សម្រេចបានកំណើនត្រឹមតែ១,៥%ដែលទាបជាងការរំពឹងទុកឆ្ងាយក្នុងត្រីមាសទី៣ ដែលជាល្បឿនយឺតបំផុតក្នុងឆ្នាំនេះដោយសារកម្សោយនៃការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល។

គោលនយោបាយចែកប្រាក់ដល់ពលរដ្ឋតាមរយៈ “កាបូបលុយឌីជីថល” សម្រាប់ឱ្យពួកគេចាយក្នុងមូលដ្ឋាននៅឆ្នាំ២០២៤ របស់លោក Srettha បានទទួលរងការរិះគន់ខ្លាំងនៅប៉ុន្មានខែចុងក្រោយនេះពីសំណាក់ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងក្រុមអតីតមន្ត្រីធនាគារកណ្ដាលដែលលើកឡើងថា គោលនយោបាយនេះបំពានវិន័យក្នុងវិស័យហិរញ្ញវត្ថុ៕ Bangkok Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here