តែម សុខុម
ព្រះសីហនុ: ដោយមានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដែលជាការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន មិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ទៀតផង។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) លាតសន្ធឹងលើផ្ទៃដី១១គីឡូម៉ែត្រការ៉េ ដែលជាគម្រោងដ៏ធំសម្បើមមួយក្រោមគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) របស់មហាយក្សចិន មានរោងចក្រចំនួន១៧៥មកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀត ដោយបង្កើតការងារបានប្រមាណ៣០.០០០កន្លែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា នេះ។






