គម្រោងសំណង់អគារខ្ពស់បំផុត នៅលើពិភពលោក Dubai Creek Tower តម្លៃ១០០០លានដុល្លារ គ្រោងចាប់ផ្តើមសាងសង់ឡើងវិញនៅឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សំណង់អគារខ្ពស់បំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ន នេះមាន ឈ្មោះថា Burj Khalifa កម្ពស់៨២៨ម៉ែត្រ ស្ថិតនៅប្រទេសអារ៉ាប់រួម(UAE) និងបានគ្រប់គ្រងតំណែងកំពូលមួយនេះតាំងពីឆ្នាំ២០១០ មក ម្ល៉េះ។ ប៉ុន្តែកាលពីឆ្នាំ២០១៦កន្លងទៅអគារថ្មីមួយទៀតបានបើកសម្ពោធបុកគ្រឹះដំណើរការសាងសង់ដែល នឹងវ៉ាដាច់កំពស់របស់អគារ Burj Khalifia។

អគារខ្ពស់កប់ពពកថ្មីរបស់ពិភពលោកមួយនេះមានឈ្មោះថា Dubai Creek Tower ដែលមានទីតាំងស្ថិត នៅ ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមដូចគ្នា។ អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករអេស្ប៉ាញដ៏ល្បីឈ្មោះម្នាក់គឺ លោក Santiago Calatrava។លោក Santiago Calatrava បានរចនាជាន់មើលទេសភាព៣៦០ដឺក្រេ និងសួនច្បារបន្តោកដ៏អស្ចារ្យមួយនៃជាន់រចនាបថ Baylon ខាងក្នុងអាគារ ជាមួយនឹងទិដ្ឋភាពពីលើតំបន់ជម្រកសត្វព្រៃ Ras Al Khor។

គម្រោងសំណង់អគារ Dubai Creek Tower ស្ថិតក្នុងបរិវេណប្រមាណជិត៦គីឡូម៉ែត្រការ៉េ និងសាងសង់ដោយ ក្រុមហ៊ុន Emaar Properties។ យោងតាមសារពត៌មាន CNN បានចុះផ្សាយថាគ្រឹះអគារមានជម្រៅជាង៧១ ម៉ែត្រ នឹងប្រើស៊ីម៉ង់អស់ប្រមាណ១,៥៩ លានហ្វីតគូប។

រចនាបថរបស់អគារ ដែលជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុន Emaar Properties និងក្រុមហ៊ុន Dubai Holdings ត្រូវបានបំផុសគំនិតចេញពីផ្កាLily និងផ្កា Minaret ដោយមានខ្សែកាបទាញទប់ប្រវែងសរុប១០៩គីឡូម៉ែត្រ។ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនអភិវឌ្ឍន៍ Emaar Properties មិនបានបង្ហាញជាផ្លូវការនូវកម្ពស់ច្បាស់លាស់នៃអគារ Dubai Creek Tower នោះទេ ប៉ុន្តែអគារថ្មីនេះត្រូវបានគេរំពឹងថា នឹងមានកំពស់អប្បបរមាចំនួន១.៣០០ម៉ែត្រ ដែល នឹង វ៉ា ដាច់កំពស់របស់អគារ Burj Khalifia។

អគារនេះនឹងប្រែក្លាយជាចំណុចបង្គោលរបស់សង្កាត់ Dubai Creek Harbor ខណៈដែលកម្ពស់អគារពិតប្រាកដនៅតែមិនទាន់ត្រូវបានបង្ហាញឱ្យដឹង ដោយគេធ្វើការប៉ាន់ស្មានថា អគារ Dubai Creek Tower នេះនឹងមានកំពស់លើសពី១.៣០០ម៉ែត្រ ដែលអាចឡើងដល់១.៤០០ម៉ែត្រ និងមាន២១០ជាន់។ការសាងសង់បានចាប់ផ្តើមឡើងនៅខែតុលា ឆ្នាំ២០១៦ ដែលដើមឡើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ ប៉ុន្តែការសាងសង់ត្រូវបានពន្យារពេល ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតជំងឺកូវីដ-១៩។គិតត្រឹមឆ្នាំ២០២៣នេះ ការសាងសង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ២០២៤ខាងមុខ ក្រោមទុនវិនិយោគប្រមាណ១ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here