ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាម ក្រុមហ៊ុន ម៉ៅការ Prebuilt Plc បានឱ្យដឹងថា ការងារសំណង់ក្នុងវិស័យឯកជនត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៤ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតមកលើវិស័យអចលនទ្រព្យ ជាពិសេសផ្នែកខុនដូ ត្រូវបានគេព្យាករណ៍ថានឹងបញ្ចប់នៅឆ្នាំនេះ។
លោក Wirot Charoentra នាយកប្រតិបត្តិក្រុមហ៊ុន ម៉ៅការ Prebuilt Plc បានមានប្រសាសន៍ឱ្យដឹងថា ការងារសំណង់ថ្មី ជាពិសេសការងារដែលទាក់ទងនឹងគម្រោងខុនដូ ដែលជាធម្មតាមានចំនួនច្រើន បានធ្លាក់ចុះចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩។លោកបានបន្តថា “ការងារសាងសង់នៅចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២២ បានបន្តពីឆ្នាំ២០១៩ និងឆ្នាំមុនៗ ហើយគម្រោងទាំងនោះត្រូវបានបញ្ចប់ និងផ្ទេររួចរាល់ក្នុងឆ្នាំ២០២២”។លោកបញ្ជាក់ថា“ជំងឺរាតត្បាតមិនប៉ះពាល់ដល់ដំណើរការរបស់យើងកាលពីឆ្នាំមុននោះទេ ប៉ុន្តែវាបានជះផលប៉ះពាល់នៅឆ្នាំ២០២៣នេះ ដោយសារគម្រោងសាងសង់ខុនដូថ្មីបានធ្លាក់ចុះក្នុងចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២២”។
ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុន Prebuilt បានកត់ត្រាប្រាក់ចំណូលសរុបចំនួន៣,៧ពាន់លានបាត ដោយធ្លាក់ចុះ១៦,៦% ធៀបនឹង៤,៤ពាន់លានបាត ក្នុងរយៈពេល៩ខែដំបូងដូចគ្នាកាលពីឆ្នាំមុន។ លោក Wirot បានអះអាងថា “ការងារសំណង់នៅក្នុងវិស័យអចលនទ្រព្យអាចនឹងកើនឡើងនៅឆ្នាំ២០២៤ ខណៈវិស័យនេះបានដាំក្បាលចុះដល់បាតនៅឆ្នាំ២០២៣នេះរួចទៅហើយ”៕