ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងហូជីមិញបានអញ្ជើញបណ្តាវិនិយោគិនឥណ្ឌាឱ្យផ្តល់មូលនិធិដល់ខ្សែរថភ្លើងលើអាកាសចំនួន៩ ខ្សែរថភ្លើង monorail ចំនួន៣ និងគម្រោងបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន៨ ដែលមានតម្លៃទុនរាប់ពាន់លានដុល្លារអាមេរិក។
គម្រោងខ្សែរថភ្លើងលើអាកាសmetro និងខ្សែរថភ្លើង monorail នឹងត្រូវចំណាយថវិកាសាងសង់សរុប៤៣៧ពាន់ពាន់លានដុង (ប្រហែល១៩ពាន់លានដុល្លារ)។ នេះបើយោងតាមវេទិកាធុរកិច្ច ឥណ្ឌា-ហូជីមិញ កាលពីថ្ងៃអង្គារទី២១ ខែវិច្ឆិកា។
គម្រោងទាំងនេះរៀបចំក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើននិរន្តរភាពរបស់ទីក្រុងហូជីមិញ។ ជាមួយគ្នានេះ សួនឧទ្យាន Saigon Hi-Tech Park ក៏ស្វែងរកការវិនិយោគលើគម្រោងបច្ចេកវិទ្យាចំនួន៨ ដែលរួមមានគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ចំនួន៣ គម្រោងផលិតកម្មចំនួន៤ និងគម្រោងសេវាកម្មចំនួន១ ដែលទាមទារការវិនិយោគអប្បបរមាចំនួន៥១៥លានដុល្លារ។
គម្រោងធំៗគួរឱ្យកត់សម្គាល់ផ្សេងទៀត ដែលទីក្រុងហូជីមិញចង់ទាក់ទាញអ្នកវិនិយោគ រួមមាន គម្រោង Can Gio Hub តម្លៃ៥,៣ពាន់លានដុល្លារមជ្ឈមណ្ឌលដឹកជញ្ជូន Long Binh តម្លៃ២៥០លានដុល្លារ ផ្លូវក្រវ៉ាត់ក្រុងទី៤ តម្លៃ២,៥ពាន់លានដុល្លារ ផ្លូវល្បឿនលឿនហូជីមិញ–Moc Bai Expressway តម្លៃ៨៣៨លានដុល្លារនិងស្ពាន Can Gio តម្លៃ៤១៦លានដុល្លារ។






