ការស្ទង់មតិថ្មី: សិង្ហបុរីបានវ៉ាដាច់ប្រទេសថៃ ដោយក្លាយជាគោលដៅទេសចរណ៍ពេញនិយមបំផុតទី១ របស់ជនជាតិចិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីរបស់ក្រុមហ៊ុន China Trading Desk ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានបង្ហាញថា សិង្ហបុរីបានវ៉ាដាច់ប្រទេសថៃ ដោយក្លាយជាគោលដៅទេសចរណ៍ក្រៅប្រទេសដែលពេញនិយមបំផុតរបស់ភ្ញៀវទេសចរចិន។

យោងតាមការស្ទង់មតិអំពីផែនការធ្វើដំណើរទៅក្រៅប្រទេសនាពេលខាងមុខរបស់ប្រជាជនចិនជាង១មុឺននាក់ បានបង្ហាញថា ១៧,៥% នៃអ្នកឆ្លើយសំណួរជាជនជាតិចិនគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី បន្ទាប់មកគឺតំបន់អឺរ៉ុប (១៤,៣%) និងកូរ៉េខាងត្បូង (១១,៤%)។

ប្រទេសម៉ាឡេស៊ី គឺជា គោលដៅ ទេសចរណ៍ដ៏ពេញនិយមបំផុតទី៤របស់ភ្ញៀវទេសចរចិន បន្ទាប់មកគឺ ប្រទេសអូស្ត្រាលី ជាប់ចំណាត់ថ្នាក់ជាគោលដៅ ទេសចរណ៍ដ៏ពេញនិយមបំផុតទី៥របស់ភ្ញៀវទេសចរចិន។

ចំណែក ប្រទេសថៃ ដែលពីមុនធ្លាប់ជាគោលដៅទេសចរណ៍ពេញនិយមបំផុតរបស់ភ្ញៀវទេសចរចិននៅក្នុងការស្ទង់មតិប្រចាំត្រីមាសទីមួយ ប៉ុន្តែពេលនេះ ប្រទេសថៃបានធ្លាក់ចុះមកនៅចំណាត់ថ្នាក់ទី៦ ដោយមានអ្នកឆ្លើយសំណួរត្រឹមតែ១០% ប៉ុណ្ណោះដែលជ្រើសរើសប្រទេសនេះជាគោលដៅធ្វើដំណើរនាពេលអនាគតរបស់ពួកគេ។

ការស្ទង់មតិខាងលើនេះបានអះអាងថា “ការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់ប្រទេសថៃចំពោះភ្ញៀវទេសចរចិន គឺដោយសារតែ ប្រព័ន្ធផ្សព្វផ្សាយចិនជាច្រើន បានចុះផ្សាយថា ប្រទេសថៃជាគោលដៅដែលពុំមានសុវត្ថិភាព”។

ប្រទេសថៃកំពុងបាត់បង់ភាពទាក់ទាញ ចំពោះភ្ញៀវទេសចរចិនជាបណ្តើរៗជាពិសេស បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារ កាលពីពេលថ្មីៗនេះនៅផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក ដែលបានសម្លាប់ជនជាតិចិនម្នាក់ និង ជនបរទេសម្នាក់ទៀត។

ជាក់ស្តែង អាជ្ញាធរថៃបានរំពឹងថា ខ្លួននឹងអាចទាក់ទាញភ្ញៀវទេសចរចិនចំនួន៤,៤លាននាក់នៅឆ្នាំនេះ ប៉ុន្តែគិតរហូតមកដល់ពេលនេះ មានភ្ញៀវទេសចរចិនប្រហែល២,៩លាននាក់ប៉ុណ្ណោះដែលបានចូលមកទស្សនាប្រទេសថៃ។

ការស្ទង់មតិនេះបានចង្អុលបង្ហាញថា ភ្ញៀវទេសចរចិនជាច្រើនក៏កំពុងងាកចេញឆ្ងាយពីប្រទេសជប៉ុនផងដែរ ដោយសារតែរដ្ឋាភិបាលជប៉ុនបានសម្រេចបញ្ចេញទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រ កាលពីខែសីហាកន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here