Hattha top Banner

ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ ជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

0

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដោយតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខានអស់រយៈពេល៣ឆ្នាំជាប់គ្នា ដោយសារតែប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលទទួលរងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នឹងបានធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់យ៉ាងគំហុក។

ឯកឧត្ដម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្តថា ការចាប់ផ្តើមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ជាការបើកទំព័រថ្មីមួយ សម្រាប់ការជំរុញវិស័យទេសចរណ៍របស់កម្ពុជាឱ្យងើបឡើងវិញបន្ថែមទៀត។ ជាក់ស្តែង ឆ្នាំនេះភ្ញៀវទេសចរជាតិនិងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទីកន្លែង ដើម្បីទស្សនាពិធីបុណ្យអុំទូកនេះ។ ដោយឡែកនៅពន្លាខាងជើងនៃពន្លាជាតិ ភ្ញៀវទេសចរអន្តរជាតិប្រមាណ២ពាន់នាក់ក្នុងមួយថ្ងៃ បានមកទស្សនាពិធីបុណ្យអុំទូក ខណៈដែលកាលពីឆ្នាំ២០១៩ រយៈពេល៣ថ្ងៃមានភ្ញៀវទេសចរអន្តរជាតិទស្សនាត្រឹមតែប្រមាណ២ពាន់នាក់ប៉ុណ្ណោះ។
ឯកឧត្ដម បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការងារឃោសនាវិស័យទេសចរណ៍កម្ពុជា ទៅលើឆាកជាតិនិងអន្តរជាតិ ខណៈដែលមុនពិធីក្រសួង ក៏បានធ្វើការផ្សព្វផ្សាយផងដែរ ដើម្បីឱ្យដឹងពីព្រឹត្តិការណ៍ទៅកាន់ពិភពលោក និងចូលរួមទស្សនា។

« ឆ្នាំនេះយើងចាប់ផ្តើមធ្វើឡើងវិញ ជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ជារួមសេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍។ ឆ្នាំនេះយើងពិនិត្យឃើញថា ប្លែកភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋយើង មកពីគ្រប់ទិសទីក្នុងដំណើរផ្លូវដ៏វែងឆ្ងាយរបស់ខ្លួន ចូលមកទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ ចំនួនដ៏កុះករទាំងនេះយើងឃើញហើយថា អាចកើតឡើងមានបានអាស្រ័យសំខាន់បំផុត ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកម្ពុជាទទួលបានសុខសន្តិភាព ជាមូលដ្ឋានអនុញ្ញាតឱ្យរៀបចំកម្មវិធីនេះ »។

LEAVE A REPLY

Please enter your comment!
Please enter your name here