ដោយៈ គង់ សូរិយា
ប្រទេសចិនៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានស្នើទៅកាន់ខេត្តជាំងស៊ូ ជួយគាំទ្រការបើកដំណើរការ នូវការហោះហើរត្រង់ពីទីក្រុងអ៊ូស៊ី មកខេត្តព្រះសីហនុឡើងវិញ បន្ទាប់ពីខកខានមួយ រយៈពេលដោយសារកូវីដ និងជួយជំរុញអ្នកវិនិយោគទុន។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តជាំងស៊ូ កាលពីសប្តាហ៍មុនលោកគួច ចំរើនបានជួបពិភាក្សាការងារ ជាមួយលោកស៊ី ឈុនលី និងបានជម្រុញ ឲ្យអ្នកធុរកិច្ចខេត្តនេះមកបណ្តាក់ទុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យបានកាន់តែច្រើនថែមទៀត។
ជាការឆ្លើយតប ភាគីចិន បានទទួលយកនិងគាំទ្រសំណើនះ នឹងបានអះអាងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្តក្រុងបងប្អូន ខេត្តព្រះសីហនុ-ជាំងស៊ូ និងក្រុងព្រះសីហនុ-អ៊ូស៊ី លើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌បន្ថែមទៀត។

លោកបញ្ជាក់ថា នៅកម្ពុជាក្រោមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើង រួមមាន ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មីនេះជាដើម៕




