ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ដីប្រភេទឧស្សាហកម្ម ដែលគ្រប់គ្រងដោយអាជ្ញាធរឧស្សាហកម្មថៃ (IEAT) បានហក់ឡើង១៨២% ក្នុងឆ្នាំសារពើពន្ធ២០២៣ ដល់៥.៦៩៣រ៉ៃ(៩១០,៨៨ហិកតា) ដោយសារការផ្លាស់ប្តូរទីតាំង ផលិតកម្មរបស់ក្រុមហ៊ុនបរទេស ទៅកាន់ប្រទេសថៃ និងវិធានការជំរុញការវិនិយោគរបស់រដ្ឋាភិបាល។
ចំនួននេះបានកើនលើសការព្យាករណ៍ ដែលបានកំណត់ទុកចំនួន២.៥០០រ៉ៃ(៤០០ហិកតា) ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
-->
លោក Veeris Ammarapala ប្រធានអាជ្ញាធរឧស្សាហកម្មថៃ បានអះអាងថា ក្រៅពីការផ្លាស់ប្តូរទីតាំងរោងចក្រ ការកើនឡើងនៃការលក់ដីឧស្សាហកម្ម ត្រូវបានជំរុញដោយការវិនិយោគកាន់តែច្រើន នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) និងគោលនយោបាយ ទិដ្ឋាការស្នាក់នៅរយៈពេលវែង ដែលផ្តល់ការស្នាក់នៅរយៈពេល១០ឆ្នាំដល់ជនបរទេស។
លោកបានបន្តថា “ការលក់ដីក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ច ភាគខាងកើត (EEC) មានចំនួន៤៧២៤,៨រ៉ៃ ខណៈការលក់ដីនៅក្រៅតំបន់ EEC មានចំនួន៩៦៧,៧រ៉ៃ”។
តំបន់ EEC ដែលគ្របដណ្តប់ផ្នែកខ្លះនៃខេត្ត Chon Buri ខេត្ត Rayong និងខេត្តChachoengsao នឹងត្រូវប្រែក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម បច្ចេកវិទ្យា លំដាប់ខ្ពស់របស់ប្រទេសថៃ ដែលមានឧស្សាហកម្ម S-curve គោលដៅចំនួន១២ រួមទាំងការផលិតរថយន្តជំនាន់ថ្មី និងគ្រឿងអេឡិចត្រូនិចឆ្លាតវៃផងដែរ។
ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ១ ដោយគ្របដណ្តប់ទុនវិនិយោគខ្ពស់ជាងគេបំផុត នៅក្នុងប្រទេសថៃ ស្មើនឹង៣០%នៃការវិនិយោគសរុប បន្ទាប់មកគឺប្រទេសចិន គ្របដណ្តប់១២% សិង្ហបុរីគ្របដណ្តប់៨%) សហរដ្ឋអាមេរិកគ្របដណ្តប់៦% និងងកោះតៃវ៉ាន់គ្របដណ្តប់៥%៕