Hattha top Banner

រដ្ឋបាលខេត្តព្រះសីហនុ និងអន្តរក្រសួងចាប់ផ្តើមកំណត់តំបន់ប្រើប្រាស់សម្រាប់អាគារជាប់គាំង

0

        ដោយៈគង់ សូរិយា

ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងារអន្តរក្រសួ​ងបាននិងកំពុងបោះជំហ៊ានទៅមុខ មួយជំហ៊ានទៀតដើម្បីរៀបចំការដោះស្រាយអាគារជាប់គាំងនៅទីក្រុងនេះ។

អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ ដែលទទួលបន្ទុកដោះស្រាយបញ្ហានេះ សម្រាប់ក្របខ័ណ្ឌរដ្ឋបាល ខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ យើងបានកំណត់អត្តសញ្ញាណ អាគារជាប់គាំងរួចហើយ ប៉ុន្តែពេលនេះ យើងកំពុងធ្វើការនៅក្នុងដំណាក់កាលថ្មីមួយទៀត គឺកំណត់តំបន់ សម្រាប់ការប្រើប្រាស់អាគារទាំងនោះ ក្នុងរូបភាពបែបណា។លោកបន្តថា “ការងារនេះពិតជាមានភាពស្មុគ្រស្មាញ ដែលការងារនេះ បាននិងកំពុងជជែកគ្នារវាងម្ចាស់អាគារ និងក្រុមការងារអន្តរក្រសួង”។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយលើកទឹកចិត្តជាច្រើន ដល់ម្ចាស់អាគារជាប់គាំងនៅក្រុងព្រះសីហនុ តាមរយៈយន្តការលើកទឹកចិត្តរួចពន្ឋ ក្នុងការនាំចូលសម្ភារៈសំណង់ ការអនុ​គ្រោះលើការរៀបចំចុះបញ្ជីរអាគារ និងការការពាក់ព័ន្ឋមួយចំនួនទៀតតាមស្ថានភាពទំហំអាគារ និងទំហំទុនវិនិយោគជាក់ស្តែង។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំង នៅក្រុងព្រះសីហនុបានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “វិធានការដោះស្រាយគម្រោង វិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ”កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុក្នុងខែ មីនា ឆ្នាំ២០២៣ ហើយសិក្ខាសាលាថ្ងៃនេះ នឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវវិធានការរាជរដ្ឋាភិបាល ក្នុងចំណោម តួអង្គសំខាន់ៗ និងអ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ និងឯកជន ដើម្បីជំរុញការអនុវត្ត និងជំរុញសកម្មភាព និង សន្ទុះសេដ្ឋកិច្ចក្នុងខេត្ត ទាំងក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំការសិក្សាលើការរៀបចំវិធានការ ដោយមានការចូលរួមពីក្រសួ​ងស្ថាប័នពាក់ព័ន្ធ។តាមរយៈនេះរាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍២ ទី១ ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ និងទី២ ឱ្យអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោ​គ ឬធុរកិច្ច។

ជាមួយនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមមគ្គុទ្ទេសក៏ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណា​ក់​កាលទី១” ដែលតាមនេះ រាជរដ្ឋាភិបាល ផ្តោតអាទិភាព លើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេ​សគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេ​សចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ តំបន់ ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្ត ឱ្យបានច្បាស់​លា​ស់ និងគ្រប់ជ្រុងជ្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here