Hattha top Banner

តោះ!! ងាកមកស្គាល់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំង៥ របស់ប្រទេសចិន ដែលរកប្រាក់ចំណូលបានខ្ពស់បំផុត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងសម័យបច្ចុប្បន្ននេះ បច្ចេកវិទ្យានៅលើពិភពលោកកំពុងបោះពួយឆ្ពោះទៅមុខយ៉ាងលឿនបំផុត ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានលេចរូបរាងឡើង និងប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសគឺនៅសហរដ្ឋអាមេរិក និងប្រទេសចិន។

ខាងក្រោមនេះគឺជាបញ្ជីក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្សទាំង៥ របស់ប្រទេសចិន ដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុត កាលពីឆ្នាំ២០២២៖

ទី១៖ ក្រុមហ៊ុន JD.com Inc
JD.com ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង។ ក្រុមហ៊ុន JD.com (JD) គឺជាក្រុមហ៊ុនអ៊ីនធឺណេតដ៏ធំបំផុតរបស់ប្រទេសចិនបើគិតពីប្រាក់ចំណូល និងជាក្រុមហ៊ុនលក់រាយតាមអុីនធឺណិតធំជាងគេបំផុត។ ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន JD.com សម្រាប់ឆ្នាំ២០២០ មានចំនួន១១៤,៣ពាន់លានដុល្លារ កើនឡើង២៩,៣% ធៀបនឹងឆ្នាំ២០១៩។ គណនីអតិថិជនសកម្មប្រចាំឆ្នាំបានកើនឡើង៣០,៣% ដោយកើនឡើងពី៣៦២លានគណនីក្នុងឆ្នាំ២០១៩ ដល់៤៧១,៩លានគណនីក្នុងឆ្នាំ២០២០។ កាលពីឆ្នាំ២០២២ ក្រុមហ៊ុន JD.com Inc រកប្រាក់ចំណូលបានសរុបចំនួន១៥១,៧ពាន់លានដុល្លារអាមេរិក និងមានទ្រព្យសកម្មសរុបចំនួន៥៩៥ពាន់លានយ័ន។

ទី២៖ ក្រុមហ៊ុន China Mobile
ដូចទៅនឹងក្រុមហ៊ុនចិនធំៗជាច្រើនដែរ China Mobile Ltd. គឺជាក្រុមហ៊ុនរបស់រដ្ឋ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។ ក្រុមហ៊ុននេះគឺជាអ្នកផ្តល់សេវាទូរស័ព្ទជាចម្បង មិនមែនជាក្រុមហ៊ុនរចនាកម្មវិធីsoftware នោះទេ។ ក្រុមហ៊ុននេះត្រូវបានបង្កើតកាលពីឆ្នាំ ហើយប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបានឈានដល់១១១,៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។ កាលពីឆ្នាំ២០២២ ក្រុមហ៊ុន China Mobile រកប្រាក់ចំណូលបានសរុបចំនួន១៣៨,៨៥ពាន់លានដុល្លារអាមេរិកនិងមានទ្រព្យសកម្មសរុបចំនួន១,៩ទ្រីលានយ័ន។

ទី៣៖ ក្រុមហ៊ុន Alibaba Group Holdings Ltd.
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយក្រុមសហគ្រិន ដែលដឹកនាំដោយលោក Jack Ma អតីតគ្រូបង្រៀនភាសាអង់គ្លេសមកពីទីក្រុង Hangzhou។ ក្រុមហ៊ុន Alibaba មានគោលបំណងជួយដល់អាជីវកម្មចិនខ្នាតតូច និងមធ្យមក្នុងការដាក់លក់ទំនិញរបស់ពួកគេទាំងក្នុងស្រុក និងទីផ្សារពិភពលោកនៅលើវេទិកាអនឡាញ។ កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Alibaba Group រកប្រាក់ចំណូលបានសរុបចំនួន១៣៤,៥៦ពាន់លានដុល្លារអាមេរិក និងមានទ្រព្យសកម្មសរុបចំនួន២៦៧,៤៦ពាន់លានដុល្លារ។

ទី៤៖ ក្រុមហ៊ុន Huawei
ក្រុមហ៊ុននេះផលិតស្មាតហ្វូន នាឡិកាឆ្លាតវៃ កុំព្យូទ័រយួរដៃ និងឧបករណ៍ទូរគមនាគមន៍ ដោយត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៧។ Huawei ជាប់ចំណាត់ថ្នាក់ជាអ្នកលក់ទូរស័ព្ទស្មាតហ្វូនធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង។ កាលពីឆ្នាំ២០២០កន្លងទៅ ក្រុមហ៊ុន Huawei បានប្រកាសពីប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ចំនួន១៣៦,៧ពាន់លានដុល្លារអាមេរិក ដោយកើនឡើងប្រហែល៧១% ក្នុងរយៈពេល៥ឆ្នាំ។ ចំណែក កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Huawei រកប្រាក់ចំណូលបានចំនួន៦៤២,៣ពាន់លានយ័ន(ប្រហែល៩៣,៥ពាន់លានដុល្លារអាមេរិក) និងមានទ្រព្យសកម្មសរុបជិត១.០៦៤ពាន់លានយ័ន។

ទី៥៖ ក្រុមហ៊ុន Tencent Holdings Ltd.
Tencent Holdings Ltd. (TCEHY) ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ដំណើរការជាក្រុមហ៊ុនវិនិយោគ ដែលផ្តោតលើការផ្សាយពាណិជ្ជកម្មតាមអុីនធឺណិត បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ហ្គេមអនឡាញ និងសេវាកម្មបន្ថែមតម្លៃ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨។ កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Tencent Holdings រកប្រាក់ចំណូលបានសរុបចំនួន៨២,០៣ពាន់លានដុល្លារអាមេរិក និងមានទ្រព្យសកម្មសរុបចំនួន២៣៤,៥១ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here