ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមអ្នកជំនាញ ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនអចលនវត្ថុជាតិ និងអន្តរជាតិជាង១០០ក្រុមហ៊ុន នឹងជួបប្រជុំគ្នាជាលើកដំបូងដើម្បីលើកឡើងពីបញ្ហាប្រឈម កាលានុវត្តន៍ភាព និងឱកាសវិនិយោគនៅក្នុងវិស័យនេះ។
ជំនួបនេះ នឹងធ្វើឡើងរយៈពេលពេញមួយព្រឹក នៅភោជនីយដ្ឋានភ្នំពេញអូតែល ស្ថិតនៅក្នុងខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកស្រីតាំង ហួរអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹង កាលពីព្រឹកថ្ងៃទី៣ ធ្នូកន្លងមកថា សមាជិកសមាគមមិនសូវបានជួបគ្នា ចាប់តាំងពីវិបត្តិកូវីដ១៩កន្លងមក ហេតុនេះការជួបជុំគ្នានេះ ដើម្បីជួបជុំគ្នាដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម ដែលពួកយើងបានឆ្លងកាត់ក្នុងវិបត្តិនេះ។លោកស្រីបន្តថា “ការជួបជុំគ្នានេះ ក៏ដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងសហការគ្នាដោយឈរលើមូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា”។ លោកស្រីបន្តថា “កម្មវិធីនេះ ក៏មានការរៀបចំសន្និសីទសារព័ត៌មាន ដើម្បីលើកឡើងពីអនាគត ឱកាសវិនិយោគរបស់វិស័យនេះផងដែរ”។
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុអាណត្តិទី៨នេះ បាននិងកំពុងដឹកនាំដោយ លោកសន សៀប ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KH25 Property និង ក្រុមហ៊ុន Asia Pacific Property Appraisal
កិច្ចប្រជុំនេះ នឹងមានការលើកឡើងពីវាគ្មិន ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើន ដូចជា លោកសន សៀប លោកវ៉ា វីរៈ លោកឧកញ៉ាចេង ខេង លោកស្រីតាំង ហួរជាដើម។
លោកស្រីតាំង ហួរបានបន្តថា ស្ថានភាពក្នុងវិស័យនេះ កំពុងប្រឈមបញ្ហាអ្វីខ្លះ ក៏ដូចជា មានឱកាសសម្រាប់វិនិយោគឬយ៉ាងណា នឹងមានការចែករំលែកពីវាគ្មិនល្បីៗ ដែលនឹងលើកឡើងពីមតិយោបល់ក្នុងកិច្ចប្រជុំ ដែលវាជាសន្និបាតប្រចាំឆ្នាំ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ៕