ដោយៈ តែម សុខុម
អ៊ីតាលី: អគារទ្រេតភ្លោះដ៏ល្បីល្បាញ Two Towers នៅទីក្រុងបូឡូកញ៉ា (Bologna) ប្រទេសអ៊ីតាលី បានឈរយ៉ាងរឹងមាំអស់រយៈពេលជិត១.០០០ឆ្នាំមកហើយ ប៉ុន្តែពេលនេះវាត្រូវបានប្រកាសអាសន្នថាអាចដួលរលំគ្រប់ពេល។
ក្រោយការចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពនៃសំណង់បុរាណនេះយ៉ាងល្អិតល្អន់ កាលពីខែមុន ទីក្រុង Bologna បានដាក់ចេញផែនការការពារសុវត្ថិភាព ខណៈអគារដែរសាងសង់ តាំងពីសតវត្សទី១២នេះ “អាចដួលរលំភ្លាមៗមួយរំពេច និងដោយឥតព្រាងទុក”។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី០១ ខែធ្នូ។
ការព្រមានពីការដួលរលំ ដែលអាចកើតមានឡើងនៃអគារនេះត្រូវបានបញ្ចេញ តាមរយៈរបាយការណ៍កម្រាស់២៧ទំព័រ របស់គណៈកម្មាធិការវិទ្យាសាស្រ្ត ដែលបានចុះត្រួតពិនិត្យទីតាំងអគារនេះចាប់តាំងពីឆ្នាំ២០១៩។

អគារទ្រេតភ្លោះដែលមានទីតាំង ស្ថិតនៅចំណុចផ្លូវប្រសព្វដ៏អ៊ូអរនេះមានឈ្មោះពីរផ្សេងគ្នា និងមានកម្រិតទ្រេតខុសគ្នា ទោះបីជាវាត្រូវបានសាងសង់ឡើងក្នុងពេលតែមួយក្ដី។





