ដោយៈ គង់ សូរិយា
ភ្នំពេញៈ រហូតមកទល់ពេលនេះ ការសាងសង់ព្រលានយន្តហោះសម្តេចតេជោក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចបានប្រមាណ៥៥ភាគរយហើយ និងបានចំណាយទឹកប្រាក់យ៉ាងច្រើនផងដែរ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ ព្រលានយន្តហោះលំដាប់អន្តរជាតិ តម្លៃ១៥០០លានដុល្លារ បានសម្រេចសាងសង់បាន៥៥ភាគរយ និងចំណាយប្រាក់៨០០លានដុល្លារអាមរិករួចហើយ។លោកបន្តថា “ការសម្រេចនេះ បាននិងកំពុងបង្ហាញពីវឌ្ឍនភាពររបស់គំរោងដ៏ធំនេះ។ វាជាព្រលានយន្តហោះ លំដាប់អន្តរជាតិ ដែលអនុញ្ញាត្តឲ្យយន្តហោះធំៗអាចចុះចតបាន”។
ព្រលានយន្តហោះនេះ មានទំហំ២៧០០ហិកតា ដែលគ្រោងបោះទុនវិនិយោគ សរុប១៥០០លានដុល្លារអាមេរិក។ ព្រលាននេះបាននិងកំពុងវិនិយោគ ដោយក្រុមហ៊ុនACIC ដែលជាបុត្រសម្ព័ន្ឋរបស់ធនាគារកាណាឌីយ៉ា៕