ផ្សារទំនើបធំមួយនៅអាមេរិកគ្រោងទិញផលិតផលកសិកម្មពីកម្ពុជា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ផ្សារទំនើបអាស៊ីមួយ Shun Fat Supermarket ដែលមានសាខាចំនួន២៦ នៅរដ្ឋ កាលីហ្វ័រញ៉ា ណេវ៉ាដា និងតិចសាស់ បានបង្ហាញចំណាប់អារម្មណ៍ និងជំហរយ៉ាងច្បាស់លាស់ ក្នុងការទទួលផលិតផលកសិកម្មកែច្នៃ និងផលិតផលចំណីអាហារពីកម្ពុជាតាមរយៈការរៀបចំរបស់សមាគម IDI។

ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងដោយថ្នាក់ដឹកនាំសមាគមវិនិយោគិន និងនវានុវត្តន៍កាលពីចុងសប្តាហ៍មុន បន្ទា​ប់ពីបានបំពេញ “ទស្សនកិច្ចគណៈប្រតិភូធុរកិច្ច និងវិនិយោគិនកម្ពុជាទៅសហរដ្ឋអាមេរិក ចាប់ថ្ងៃទី៧ ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ។លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមIDI និងក្រុមហ៊ុន IDC បានមានប្រសាសន៍ថា “តាមរយៈការប្តេជ្ញាចិត្ត ក្នុងការគាំទ្រយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ក្នុងការជំរុញការនាំចេញកសិផល និងផលិតផលចំណីអាហារ សមាគមIDI បានរៀបចំដំណើរទស្សនកិច្ចនេះឡើង ដើម្បីបង្កើតឱកាសជួបអ្នកបញ្ជាទិញ បង្កើនការយល់ដឹង និងបទពិ​សោ​ធន៍ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមអំពីតម្រូវការមូលដ្ឋាន និងលក្ខខណ្ឌកត្តិយុត្តពាក់ព័ន្ទនឹងការនាំចេញ ក៏ដូចជាស្តង់ដារនៃការផលិត ស្តង់ដារអនាម័យ និងការវេចខ្ចប់ផលិតផលចំណីអាហារ សំដៅជំរុញការនាំចេញទៅសហរដ្ឋអាមេរិក។

យោងតាមស្ថិតិក្រសួងពាណិជ្ជកម្មបានបង្ហាញថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីចំនួន៤,៣៥៥លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣។ផលិតផលសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅសហរដ្ឋអាមេរិកមានដូចជា សម្លៀកបំពាក់ ទំនិញផលិតពីស្បែក ទំនិញធ្វើដំណើរ កាបូប គ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី និងស្បែកជើង។ កម្ពុជាបាននាំចូលពីសហរដ្ឋអាមេរិកវិញនូវយានយន្ត គ្រឿងចក្រ គ្រឿងយន្ត ឧបករណ៍វេជ្ជសាស្ត្រ និងផលិតផល ឱសថ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បន្ថែមថា “សហរដ្ឋអាមេរិកគឺជាទីផ្សារចម្បងមួយ ដែលកំពុងធ្វើពាណិជ្ជកម្មជាមួយកម្ពុជា នឹងនៅតែបន្តជាគោលដៅនាំចេញ ដ៏សំខាន់សម្រាប់កម្ពុជា។ យើងសង្ឃឹមថា តាមរយៈទស្សនកិច្ចកាលពីខែមីនា ឆ្នាំ២០២៣ និងទស្សនកិច្ចលើកនេះ យើងនឹងចាប់ផ្តើមឃើញបណ្តើរៗនូវកសិផល និងផលិតផលចំណីអាហារសក្តានុពលមួយចំនួន នៅលើបញ្ជីផលិតផលនាំចេញទៅសហរដ្ឋអាមេរិក ដែលសមិទ្ធផលនេះនឹងចូលរួមបង្កើននូវបរិមា​ណផលិតកម្ម និងប្រាក់ចំណូលសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូមួយចំនួនបានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ ក្នុងការបញ្ចូលដើមទុនបន្ថែម ដើម្បីវិនិយោគក្នុងការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពនាំចេញរបស់ខ្លួន ដូចជា ការធ្វើពិពិធកម្មលើផលិតផលផ្លែស្វាយ និងមៀន ការបង្កើតសេវាកម្មឃ្លាំងស្តុក ការកែលម្អផលិតផលគ្រឿងសម្អាង និងតំហែទាំខ្លួនប្រាណ និងការកែច្នៃផ្លែឈើសម្ងួត។ល។៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here