ដោយៈគង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិតស សុខាបានស្នើអភិបាលរាជធានី ខេត្ត ពិនិត្យយកទីតាំងណាមួយនៅខេត្តរបស់ខ្លួន ដើម្បីបង្កើតផ្សាររាត្រី។
លោកបានមានប្រសាសន៍ឲ្យដឹងទៀតថា ការបង្កើតផ្សារាត្រី អាចធ្វើឡើងរយៈពេលពីរថ្ងៃ ក្នុងមួយសប្តាហ៍ ដោយយកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ប៉ុន្តែបើមានភាពទាក់ទាញ អាចធ្វើឡើងបីថ្ងៃក្នុងមួយអាទិត្យ ព្រោះដូចករណីPub Streetនៅក្រុងសៀមរាបអញ្ចឹង ដំបូងឡើយផ្នែកឯកជនជាអ្នកផ្តួចផ្តើម គេរួមយោបល់គ្នា ដោយមិនឲ្យមានការប្រើប្រាស់ ឬមធ្យោបាយចេញចូល។
លោកឧបនាយករដ្ឋមន្រ្តីបន្តថា “សូមធ្វើម៉េចឲ្យមានភាពទាក់ទាញ តែសូមគិតផ្តោតលើរឿងធំៗចំនួន២ គឺសន្តិសុខ និងកន្លែងចំណតយានយន្ត ព្រោះបើបិទបាំងហើយស្ទះចរាចរណ៍ ប្រជាពលរដ្ឋនឹងជេរយើងថែមទៀត”។លោកឧបនាយករដ្ឋមន្រ្តីស សុខាបានបន្តថា ឥលូវនេះការផ្តោតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ គឺកំពុងមានភាពសកម្ម ដោយប្រទេសចិនក៏បានធ្វើ ព្រោះស្ថានភាពសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ និងឆ្នាំ២០២៥ យើងមិនដឹងទៅណាទេ ថ្វីត្បិតយើងមានភាពរ៉ឹងមាំកម្រិតណាមួយក៏ដោយ ក៏យើងត្រូវពង្រឹងសមត្ថភាពខ្លួនឯង ជាពិសេសចំណូល និងចំណាយក្នុងស្រុក៕