EUផ្តល់ជំនួយឥតសំណងប្រមាណ៧លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីធ្វើកំណែទម្រង់វិស័យជលផល

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជាទទួលបានជំនួយឥតសំណងចំនួន ៦,៣៧៥លានអឺរ៉ូ (ប្រហែល៧លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប (EU) កាលពីថ្ងៃច័ន្ទ ដើម្បីគាំទ្រដល់កំណែទម្រង់ វិស័យជលផលនៅកម្ពុជា។

លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានប្រកាសពីការផ្តល់ជំនួយនេះ ក្នុងជំនួបជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ភាគីខាងសហភាពអឺរ៉ុប។

លោក Driesmans បានមានប្រសាសន៍ឱ្យដឹងថា ភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា លើវិស័យជលផលមានទំហំធំ និងរឹងមាំ ទោះបីជាមានបញ្ហាប្រឈមដ៏ធំធេងយ៉ាងណាក្តី។ជំនួយនេះនឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រលើផ្នែកសំខាន់ៗនៃកំណែទម្រង់វិស័យជលផលនៅកម្ពុជា ដូចជា ការត្រួតពិនិត្យ ការគ្រប់គ្រង និងតាមដាន ការការពារព្រៃលិចទឹក ការអភិរក្សជលផលសមុទ្រ ការផ្ទេរជំនួយដល់សហគមន៍នេសាទ ការស្រាវជ្រាវ និងសុវត្ថិភាពចំណីអាហារ។លោក ឌិត ទីណា បានមានប្រសាសន៍ឱ្យដឹងថា វិស័យកសិកម្ម រួមទាំងជលផល និងព្រៃឈើកំពុងប្រឈមមុខ នឹងបញ្ហាជាសកល ដែលបន្តទាមទារភាពជាដៃគូរឹងមាំ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់អវិជ្ជមាន និងប្រែក្លាយឧបសគ្គទៅជាឱកាស។

ចំពោះវិស័យជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការជួយដល់ការអភិវឌ្ឍន៍ប្រកប​ដោយចីរភាព តាមរយៈខ្សែសង្វាក់តម្លៃទាំងមូល ដើម្បីជាប្រយោជន៍ដល់ប្រជានេសាទ កសិករវារីវប្បកម្ម និងសហគ្រិន ក៏ដូចជាអ្នកប្រើប្រាស់ផងដែរ។  នេះ​បើ​យោងតាម​ការ​លើក​ឡើង​ របស់​លោក​រដ្ឋមន្ត្រី​ ឌិត ទីណា ក្នុង​សេចក្តី​ថ្លែងការណ៍។

លោក​បាន​បន្ថែម​ថា​ “យើង​ក៏​ប្តេជ្ញា​ចិត្តចំពោះ​ការ​ការពារ និង​អភិរក្ស​ជម្រក និង​ធនធាន​ក្នុង​ទឹក​របស់​យើង​ផង​ដែរ”៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here