ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Ho Yeon Chang ឬChris Chang អ្នកគ្រប់គ្រងក្រុមហ៊ុន Korean Air ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air កំពុងពិចារណាដាក់ឱ្យដំណើរការសេវាកម្មហោះហើរទៅកាន់ខេត្តព្រះសីហនុ។
លោក Chris Chang បានលើកឡើងថា “ប្រទេសកម្ពុជាគឺជាទីផ្សារដ៏មានសក្តានុពលមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ទាក់ទងនឹងអាជីវកម្ម និងទេសចរណ៍ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលមានឱកាសវិនិយោគសក្តានុពលជាច្រើន ក៏ដូចជាអាស្រ័យលើការកើនឡើងនៃចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកាន់តំបន់ឆ្នេរនាពេលអនាគត”។
លោកបន្តថា ក្រុមហ៊ុន Korean Air ក៏កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួននៅខេត្តព្រះសីហនុ ក្នុងគោលបំណងផ្តល់ជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ Seoul Incheon ទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងតភ្ជាប់ភ្ញៀវទេសចរកូរ៉េទៅកាន់ឆ្នេរសមុទ្រល្អបំផុត និងកោះធម្មជាតិក្នុងប្រទេសកម្ពុជា។
លោក Chris បានបន្តទៀតថា នៅខែមករាខាងមុខ លោកក៏គ្រោងនឹងអញ្ជើញទៅខេត្តសៀមរាបដោយផ្ទាល់ផងដែរ ហើយលោកនឹងជួបជាមួយក្រុមការងាររបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដើម្បីសិក្សាករណីលើតម្រូវការអ្នកដំណើរ ស្តង់ដារសណ្ឋាគារ និងសមត្ថភាពស្នាក់នៅ ព្រមទាំងទីតាំង និងស្ថានភាពដែលខេត្តនេះអាចផ្តល់ជូនដល់ភ្ញៀវទេសចរកូរ៉េ។






