ដោយៈ ច្រាយ ចំណាន
សៀមរាបៈ ក្រុមហ៊ុនអាកាសចរណ៍Thai Airway បានបើកទិសដៅថ្មី មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃចំនួនអ្នកដំណើរចូលមកទស្សនាតំបន់ឧទ្យានអង្គរ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា
ការមកដល់របស់ក្រុមហ៊ុនអាកាសចរណ៍នេះ ជាការចាប់ផ្តើមជើងហោះហើរដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways រវាងទីក្រុងបាងកក ទៅខេត្តសៀមរាប ចាប់តាំងពីពួកគេបានធ្វើការនៅទីនេះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលក្រុមហ៊ុននេះធ្វើការហោះហើរ តែរវាងបាងកក-ភ្នំពេញតែប៉ុណ្ណោះ។លោកបញ្ជាក់ថា “នៅពេលនេះ ក្រុមហ៊ុនបានបើកដំណើរការជើងហោះហើរ រវាងទីក្រុងបាងកក-សៀមរាប មួយជើងក្នុងមួយថ្ងៃ និងភ្នំពេញ-បាងកក២ដងក្នុងមួយថ្ងៃ”។
លោកស៊ិន ចាន់សិរីវុត្ថា បានលើកឡើងថា ដោយសារតែការកើនឡើង ចំនួនភ្ញៀវទេសចរមកពីប្រទេសថៃ ធ្វើដំណើរមកកម្ពុជា បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍មួយ ចំនួនទៀតកំពុងដំណើរការ។
លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះមានភ្ញៀវទេសចរបរទេសចំនួនច្រើន កំពុងមកពីតំបន់នេះ ជាពិសេសប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មកកម្ពុជា ខណៈដែលចំនួនភ្ញៀវទេសចរជនជាតិចិន និងអឺរ៉ុបកំពុងកើនឡើងជាលំដាប់។លោកបានបន្តថា “ការសម្រេចចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway ក្នុងការបើកផ្លូវហោះហើរថ្មី ទៅកាន់ខេត្តសៀមរាប ដោយសារ តែមានតម្រូវការកើនឡើងយ៉ាងខ្លាំង ពីអ្នកដំណើរដែលចង់មានជើងហោះហើរត្រង់ទៅខេត្តមួយនេះ”។ លោកបន្តថា “យើងមើលឃើញថា មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកពីតំបន់នេះ ដើម្បីទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀតក្នុងខេត្តនេះ”។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាទទួលបានភ្ញៀវបរទេស សរុបប្រមាណ៤,៤លាននាក់ ក្នុងរយៈពេល១០ខែ ដោយកើនឡើងខ្ពស់ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រទេសក្នុងតំបន់អាស៊ានចំនួន២ នៅតែបន្តឈរលំដាប់ឈានមុខគេនៃការ មកដល់របស់ភ្ញៀវទេសចរអន្តរជាតិនេះ៕