ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានធ្វើពិធីប្រគល់ផ្ទះជូនអតិថិជន បន្ទាប់ពីបុរីនេះបានសាងសង់ ក្នុងល្បឿនយ៉ាងលឿនស្របតាមផែនការ។
បុរីវិមានសំណាង ដែលមានទីតាំងលើមហាវិថីឈ្នះ ឈ្នះ និងហ៊ុំព័ទ្ឋជុំវិញដោយក្រសួងស្ថាប័នរដ្ឋាភិបាល ផ្សារទំនើបលំដាប់អន្តរជាតិ និងជាកន្លែង ដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿន បានទទួលជោគជ័យក្នុងការលក់ និងសាងសង់បានក្នុងល្បឿនយ៉ាងលឿន។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីរសៀលថ្ងៃទី៦ធ្នូ ថា សូមអបអរសាទរដល់ អតិថិជន បុរី វិមានសំណាង ដែលមកទទួលផ្ទះអាជីវកម្ម ហ្សបហោស៍ និងសូមគោរពជូនពរទៅកាន់អតិថិជនជួបតែសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។
បុរីវិមានសំណាងបានសាងសង់ លើផ្ទៃដីប្រមាណ៦០ភាគរយប៉ុណ្ណោះ នៅលើផ្ទៃដីសរុប២៥ហិកតា ដោយទុកដីទំហំ៤០ភាគរយសម្រាប់រៀបចំសួនច្បារ ហេដ្ឋារចនាសម្ព័ន្ឋ កន្លែងលំហែរ ពិសេសបុរីនេះបាន និងកំពុងរៀបចំព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រ សម្រាប់ឲ្យអ្នកទិញលំនៅដ្ឋានក្នុងបុរីនេះ អាចអង្គុយ និងដើរលំហែហាត់ប្រាណនៅពេលព្រឹក និងពេលល្ងាច ជាមួយខ្យល់អាកាសត្រជាក់មនោរម្យ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ក្រៅពីផ្ទះអាជីវកម្មនៅលើផ្លូវធំ បុរីបាននិងកំពុងសាងសង់ផ្ទះវីឡាប្រណីត ត្រឹមជាង៤០០ប៉ុណ្ណោះ ដើម្បីលក់ជូនអតិថិជន ដែលចង់បានលំនៅដ្ឋានមានផាសុខភាព មានភាពឯកជន និងជាលំនៅដ្ឋាន ដែលសាងសង់ស្របតាមនិន្នាការរស់នៅសម័យថ្មី ជាមួយរចនាបទសំណង់បែបសហសម័យ។






