ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនវាយតម្លៃអន្តរជាតិ S&P Global Ratings បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ឥណ្ឌានឹងនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចធំលូតលាស់លឿនបំផុតសម្រាប់រយៈពេល៣ឆ្នាំខាងមុខ ដែលនឹងជំរុញឱ្យឥណ្ឌាក្លាយជាមហាអំណាច សេដ្ឋកិច្ច ទី៣របស់ពិភពលោកនៅឆ្នាំ២០៣០។
ក្រុមហ៊ុន S&P Global Ratings រំពឹងថា ប្រទេសឥណ្ឌា ដែលបច្ចុប្បន្នជាមហាអំណាចសេដ្ឋកិច្ចទី៥ របស់ពិភពលោកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា៦,៤% នៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ហើយកំណើនសេដ្ឋកិច្ចឥណ្ឌានឹងកើនឡើងដល់៧% នៅឆ្នាំសារពើពន្ធ២០២៧។
ផ្ទុយទៅវិញ ក្រុមហ៊ុន S&P Global Ratings រំពឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងថយចុះមកត្រឹម៤,៦% នៅឆ្នាំ២០២៦ បើធៀបនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចចិនក្នុងរង្វង់៥,៤%សម្រាប់ឆ្នាំ២០២៣នេះ។
យោងតាមទិន្នន័យបានបង្ហាញកាលពីសប្តាហ៍មុនថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌាបានកើនឡើងលើសពីការរំពឹងទុក ក្នុងអត្រា៧,៦% នៅក្នុងត្រីមាសទីពីរនៃឆ្នាំសារពើពន្ធ២០២៤ ដែលបានជំរុញឱ្យក្រុមហ៊ុនជាច្រើនបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចឥណ្ឌាពេញមួយឆ្នាំ។






