ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមមន្រ្តីប្រទេសក្នុងតំបន់កម្ពុជា វៀតណាម ឡាវបានបើកសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលគម្រោង “ការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មនៅប្រទេសកម្ពុជា ព្រមទាំងកិច្ចសហការរវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម”។
សិក្ខាសាលានេះត្រូវបានចូលរួមជាអធិបតីពីលោកហេង ណន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងមានកិច្ចសហការរវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញតំណាងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងអង្គភាពអនុវត្តគម្រោងពីប្រទេសវៀតណាម និងឡាវ រួមទាំងទីប្រឹក្សាជាតិ-អន្តរជាតិ និងវិស័យឯកជននានា។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចជាទី១ ផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗ នៃការអនុវត្តគម្រោងដល់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងកន្លងមក ទី២ ចែករំលែកនូវបទពិសោធន៍ និងនវានុវត្តក្នុងការអនុវត្តគម្រោង ទី៣ ពិភាក្សាអំពីជំហានបន្ទាប់ ក្រោយពីគម្រោងត្រូវបានបញ្ចប់ និងទី៤ ប្រកាសបញ្ចប់គម្រោងជាផ្លូវការ។
គម្រោងនេះ ជាគម្រោងក្រោមជំនួយរបស់មូលនិធិសហប្រតិបត្តិការសាធារណរដ្ឋកូរ៉េ មេគង្គ (Mekong-ROK Cooperation Fund) ដែលត្រូវបានអនុវត្តរយៈពេល ៣ឆ្នាំ ចាប់ពី២០២០ ដល់ ឆ្នាំ២០២៣ ក្នុងគោលបំណងចម្បង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្នុងការអភិវឌ្ឍមូលដ្ឋានទិន្នន័យភស្តុភារកម្ម និងក្របខ័ណ្ឌសម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃក្នុងតំបន់មេគង្គ ជាពិសេសប្រទេសកម្ពុជា ឡាវ និងវៀតណាម រួមទាំងបង្កើតឯកសារណែនាំ និងរៀបចំប្រព័ន្ធមូលដ្ឋានទិន្នន័យភស្តុភារកម្ម (Central Logistics Database System) សម្រាប់តំបន់មេគង្គ៕