ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាព ក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេ ក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។
ការលើកឡើងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពេលអនុញ្ញាតឱ្យលោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនសម្តេចធិបតីផងដែរថា ប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជា លើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម ។ល។នៅក្នុងវិស័យការពារជាតិ លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរីករាយដែលកន្លងទៅថ្មីៗនេះ កងស្វ័យការពារជើងគោកជប៉ុន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារកងទ័ពជើងគោកកម្ពុជា-ជប៉ុន។ មួយវិញទៀត ភាគីមិត្តជប៉ុនក៏បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្មជិតស្និទ្ធ ។
លើសពីនេះ លោកUENO Atsushi ក៏បង្ហាញនូវជំហររបស់ជប៉ុនក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបន្តចូលរួមក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាព ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសាកល ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ លោកឯកអគ្គរាជទូត និងសហការី នាឱកាសនេះ ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនរវាងកម្ពុជា-ជប៉ុន ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រ ចំពោះទិសដៅនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យប្រទេសជប៉ុន ជំរុញវិនិយោគធុនតូច និងមធ្យម ឱ្យបានកាន់តែច្រើនមកកម្ពុជា ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការជួយដល់ប្រទេសកម្ពុជា លើការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ជាពិសេសការធ្វើយ៉ាងណាប្រែក្លាយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។
ចំពោះវិស័យសន្តិសុខ និងការពារជាតិ, សម្តេចធិបតី ក៏បានសម្តែងនូវការគាំទ្រ ចំពោះគោលគំនិតនៃការបន្តជំរុញ កិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធ តាមរយៈការអនុវត្តនូវសកម្មភាពជាក់ស្តែងនានា ជាអាទិ៍៖ យន្តការកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក និងកងទ័ពជើងគោក ដែល សម្តេចធិបតី ផ្ទាល់ ជាអ្នករៀបចំឱ្យមានយន្តការនេះ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ, ដំណើរទស្សនកិច្ចរបស់នាវា កងស្វ័យការពារជើងទឹកជប៉ុននៅកម្ពុជា ក្នុងឆ្នាំ២០២៤ ខាងមុខ រួមទាំងការរៀបចំលំហាត់រួមកងទ័ពជើងទឹក តាមសំណើរបស់ភាគីជប៉ុន និងការបោសសម្អាតមីន ជាដើម ៕